លោក វ៉្លាឌីមៀ ពូទីន ៖ ពី​ចារបុរស ក្លាយជា​ប្រធានាធិបតី​រុស្ស៊ីដ៏មាន​ឥទ្ធិពល​លើពិភពលោក

អត្ថបទស្រាវជ្រាវដោយ៖ អ៊ឹម ម៉េងស៊ាង

រុស្ស៊ី៖ នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​១៩៩៩ ប្រវត្តិសាស្ត្រ​រុស្ស៊ី បាន​ប្រែ​មុខមាត់​ថ្មី​ជា​រៀងរហូត ក្រោយពី​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក បូរី​ស យែ​ល​ស៊ីន (Boris Yeltsin) បានសម្រេច​តែងតាំង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​នាយករដ្ឋមន្ត្រី​ស្តីទី​។ កាលនោះ លោក ពូ​ទីន ពុំមាន​គុណសម្បត្តិ​អ្វី​ច្រើន​ដែល​គេ​គិតទុក​ថា បុរស​រូបនេះ អាច​ក្លាយជា​មេដឹកនាំ​ពិភពលោក​ដ៏មានឥទ្ធិពលនិងគួរឲ្យកោតខ្លាចមួយរូបនោះឡើយ​។

លោក ពូទីន កើតក្នុងត្រកូលគ្រួសារវណ្ណៈការងារ (working-class) ក្នុងទីក្រុង Leningrad (ដែលសព្វថ្ងៃហោថា Saint Petersburg) ក្នុងឆ្នាំ១៩៥២។ ឪពុកលោក គឺជាអតីតយុទ្ធជន ចំណែកម្ដាយជាកម្មកររោងចក្រ។

យុវជន ពូទីន ស្រលាញ់ការអានសៀវភៅប្រលោមលោក និងមើលរឿងភាគទូរទស្សន៍បែបចារកម្ម។ ជាមួយចំណង់ចំណូលចិត្តនេះហើយទើប ពូទីន សម្រេចចូលទៅបម្រើការរនៅក្នុងទីភ្នាក់ងារចារកម្មរុស្ស៊ី KGB (អតីតសហភាពសូវៀត) ។ និយាយដល់កម្រិតអប់រំ លោក ពូទីន បានទៅរៀនច្បាប់នៅសាកលវិទ្យាល័យរដ្ឋ Leningrad ហើយចំណាយពេល១៦ឆ្នាំ កាន់តំណែងជាមន្ត្រីចារកម្មបរទេសរបស់ទីភ្នាក់ងារ KGB ។

មែនទែនទៅ មុន​មានមុខ​តំណែង​ធំ​ក្នុង​រដ្ឋបាល​លោក យែ​ល​ស៊ីន លោក ពូ​ទីន ពុំ​សូវ​ចេញមុខ​ច្រើន​ឡើយ​លើ​ឆាកនយោបាយ​រុស្ស៊ី។ ក្រោយលាលែងតំណែងជាមន្ត្រីចារកម្មបរទេសរបស់ទីភ្នាក់ងារ KGB ក្នុងឋានៈជាវរសេនីយ៍ទោ, លោកបានចាប់ផ្ដើមការងារនយោបាយក្នុងទីក្រុង St. Petersburg ក្នុងតួនាទីត្រឹមទី​ប្រឹក្សា​ឲ្យ​អភិបាលក្រុង លោក Anatoly Sobchak ​ក្នុងឆ្នាំ១៩៩១ ។ ក្នុងតំណែងនេះ គេកត់សម្គាល់ថា ពូទីន ធ្វើការភាគច្រើននៅតែក្រោយឆាក ហើយមិនសូវចេញមុខចេញមាត់ច្រើនឡើយ។

បន្ទាប់ពីលោក Sobchak ចាញ់ឆ្នោត ហើយពូទីនបដិសេធធ្វើការឲ្យមេថ្មី លោក ពូទីន និងគ្រួសារបានផ្លាស់ទៅរស់នៅក្នុងរដ្ឋធានី មូស្គូ ក្នុងឆ្នាំ ១៩៩៦ ហើយធ្វើការជា​មន្ត្រី​​ក្នុង​នាយកដ្ឋាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រធានាធិបតី ដែល​មិន​ទំនង​សោះឡើយ​សម្រាប់​ការ​ហក់​ទៅ​តោង​ការិយាល័យ​កំពូល​ជាតិ​បែបនេះ​។​

២ឆ្នាំក្រោយមក ពោលគឺឆ្នាំ១៩៩៨ លោក ពូទីន បានក្លាយជាប្រធានទីភ្នាក់ងារចារកម្ម Federal Security Service (FSB) ដែលស្នងបន្តពី KGB។ តំណែងនេះ ត្រូវបានតែងតាំងដោយផ្ទាល់ដោយលោក យែ​ល​ស៊ីន ដែលជាប្រធានាធិបតីនៅពេលនោះ។ សម្រាប់តំណែងជាប្រមុខទីភ្នាក់ងារចារកម្ម FSB ត្រូវបានចាត់ទុកជា ការងារមួយដែលប្រធានាធិបតីរុស្ស៊ី ផ្ដល់ឲ្យសម្រាប់តែមនុស្សដែលលោកទុកចិត្តខ្លាំងបំផុតប៉ុណ្ណោះ។

ក្នុងខែសីហា ឆ្នាំ ១៩៩៩ លោក យែ​ល​ស៊ីន បានតែងតាំងលោកពូទីន ជានាយករដ្ឋមន្ត្រីស្តីទីរុស្ស៊ី។ ក្នុងប្រទេសរុស្ស៊ី នាយករដ្ឋមន្ត្រី គឺជាមន្ត្រីឋានៈខ្ពស់លំដាប់ទី២ ហើយមានកាតព្វកិច្ចរាយការណ៍ដោយផ្ទាល់ទៅប្រធានាធិបតី។

ប៉ុន្តែ​មិនទាន់​ដល់​៦​ខែ​ស្រួលបួល​ផង​ក្រោយ​ក្លាយជា​នាយករដ្ឋមន្ត្រី, លោក ពូ​ទីន បាន​ឡើង​តំណែង​មួយកម្រិត​ទៀត​ ទៅជា​ប្រធានាធិបតី​ស្តីទី កាលពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​១៩៩៩ ។ នេះគឺបន្ទាប់ពី​លោក Yeltsin លាលែង​ពី​តំណែង​ដោយ​ពុំមាន​អ្នកណា​ស្មាន​ដល់​។

ការប្រគល់អំណាច​ដោយ​ឥត​ព្រាងទុក​នេះហើយ បាន​ជំរុញ​ឲ្យ​លោកពូ​ទីន​ក្លាយជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ប្រទេស​រុស្ស៊ី​។ ក្រោយមក ក្នុងខែមីនា ឆ្នាំ២០០០ លោក ពូទីន បានឈ្នះការបោះឆ្នោតអាណត្តិដំបូងរបស់លោក។

គួរបញ្ជាក់ផងដែរថា អ្នកឃ្លាំមើលនយោបាយរុស្ស៊ីជាច្រើន យល់ឃើញថា លោក យែលស៊ីន សម្រេចលើកបន្តុប ពូទីន ទៅកាន់តំណែងប្រធានធិបតីបែបនេះ គឺដើម្បី ការពារខ្លួនលោកផ្ទាល់។ ហេតុអ្វី៖ សង្គ្រាមក្នុងតំបន់ Chechnya ដែលកងកម្លាំងរុស្ស៊ីបានវាយប្រយុទ្ធជាមួយក្រុមឧទ្ទាមឥស្លាមផ្ដាច់ខ្លួន បានរីកដុះដាលកាន់តែខ្លាំង ហើយខាងរដ្ឋាភិបាលរុស្ស៊ីពុំអាចទប់ទល់ស្ថានការណ៍បាន រហូតដល់ប្រកាសបទឈប់បាញ់ និងទីបំផុតចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ១៩៩៧។

អសមត្ថភាពរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងសមរភូមិនេះហើយ បានអូសទម្លាក់ប្រជាប្រិយភាពលោក យែលស៊ីនជាខ្លាំង។ ម្ល៉ោះហើយ ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី លោក ពូទីន បានលើកលែងទោសដល់លោក យែលស៊ីន ដោយផ្ដល់អភ័យឯកសិទ្ធិឲ្យលោកពីការស៊ើបអង្កេតរដ្ឋបាល ឬព្រហ្មទណ្ឌ ជាដើម។

អំឡុងអាណត្តិទីមួយ ប្រធានធិបតី ពូទីន បានផ្ដោតសំខាន់ខ្លាំងលើកិច្ចការក្នុងស្រុក។ តួយ៉ាង លោក មានកិច្ចការស្នូល២ក្នុងរបៀបវារៈរបស់លោក រួមមាន សង្គ្រាមជាមួយក្រុមឧទ្ទាមឥស្លាម Checen ក្នុងតំបន់ Chechnya (តំបន់ស្វយ័តរុស្ស៊ី) និងគ្រប់គ្រងពួកអ្នកមានលុយនិងឥទ្ធិពលមួយក្ដាប់តូចក្នុងសម័យលោក យែលស៊ីន។

មែនទែនទៅ លោក ពូទីន ចូលដឹកនាំរុស្ស៊ី អំឡុងពេលស្មុគស្មាញខ្លាំង ដោយប្រទេសនេះហ៊ុមព័ន្ធដោយជម្លោះក្នុងតំបន់ Chechnya ។ បន្ថែមពីលើបញ្ហានេះ ពួកអ្នកមានលុយនិងឥទ្ធិពលមួយក្ដាប់តូចក្នុងសម័យលោក យែលស៊ីន កាន់តែខ្លាំងឡើងៗ ចាប់អារម្មណ៍ពង្រីកឥទ្ធិពលនយោបាយពួកគេ។ ដោយមើលឃើញបែបនេះ លោក ពូទីន បានបង្កើតកិច្ចព្រមព្រៀងជាមួយពួកគេ។

យោងតាមអត្ថបទស្រាវជ្រាវរបស់ក្រុមប្រឹក្សាទំនាក់ទំនងបរទេស (the Council on Foreign Relations) ក្នុងខែកក្កដា ឆ្នាំ២០០០ លោក ពូទីន បានប្រាប់ពួកអ្នកមានលុយនិងឥទ្ធិពលមួយក្ដាប់តូចនេះថា លោកនឹងមិនជ្រៀតជ្រៀកកិច្ចការជំនួញរបស់ពួកគេ ឬបង្វែរឧស្សាហកម្មឯកជនពួកគេទៅចូលសម្បត្តិរដ្ឋវិញឡើយ លុះត្រាតែពួកគេដកខ្លួនឆ្ងាយពីឆាកនយោបាយ។ និយាយដោយខ្លី ដរាបណាពួកគេ មិនព្យាយាមក្លាយជាគូប្រជែងលោក ឬរិះគន់ការដឹកនាំលោក ពួកគេនឹងបានសុខកាយសប្បាយចិត្ត៕

You can share this !

Loading...
អត្ថបទទាក់ទង