អភិបាល​ស្រុកបុទុមសាគរ ប្តេជ្ញា​បោះបង្គោលភ្លើង​អគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្យ ឲ្យបាន​គ្រប់មូលដ្ឋាន​ភូមិ-ឃុំ

អត្ថបទ៖ តាំង សុន្នី

កោះកុង៖ ប្រជាពលរដ្ឋ ជាង ៥.០០០គ្រួសារ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង រីករាយខ្លាំង ជាមួយនឹងជីវភាពថ្មី ខណៈក្នុងស្រុកមួយនេះមានការអភិវត្តឥតឈប់ឈរ។ ក្នុងមួយរយៈកាលចុងក្រោយនេះ ប្រជាពលរដ្ឋផ្តើមមានការលក់ដូរយ៉ាងច្រើនកុះករ ជាពិសេសនៅពេលរាត្រី ប្រកបដោយសុខសុវត្ថិភាពខ្ពស់បំផុត ខណៈក្នុងមូលដ្ឋានរបស់គាត់ មានភ្លើងអគ្គិសនីភ្លឺព្រោងព្រាត ក្រោមគំនិតផ្តួចផ្តើមពីលោក ហាក់ ឡេង អភិបាលស្រុក ដែលលោកតែងតែកៀគររកជំនួយឧបត្ថមពីសប្បុរសជននានា ក្នុងស្រុក ជាជំនួយសម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកដើម្បីបំពេញតម្រូវការរស់នៅរបស់ពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ជាមួយគ្នានេះ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវគំនិតផ្តួចផ្តើមដ៏មានប្រសិទ្ធភាពនេះផងដែរ។

សមិទ្ធផលទាំងនេះ មានដូចជា ផ្លូវលំ ផ្លូវបេតុង ប្រព័ន្ធលូ អំពូលសូឡា សួនច្បារ សួនហាត់ប្រាណ ជាដើម កំពុងដាក់ឲ្យប្រើប្រាស់ និងធ្វើការស្ថាបនាជាបន្តទៀតក្នុងដើមឆ្នាំ ២០២១នេះ។ ម្ចាស់តូបលក់ចាប់ហួយម្នាក់អ្នកស្រី សួស ង៉ែត វ័យ ៣២ឆ្នាំ បានបង្ហើបឲ្យ ស៊ី អិន ស៊ី ដឹងផងដែរថា នៅដើមខែមករានេះ ការប្រកបរបរលក់ដូររបស់គាត់ ហាក់មានការកាក់កបខ្លាំងណាស់ ខណៈក្នុងភូមិ ជីត្រេះ អ្នកភូមិផ្តើមចេញដើរលេងជាហូរហែ ក្រោយពីភ្លើងអគ្គិសនីភ្លឺព្រោងព្រាតនៅលើដងផ្លូវ ខណៈពុំធ្លាប់មានពីមុនមក។ អាជីវកររូបនេះរំពឹងថា ក្នុងខែមករានេះនេះ ការលក់ដូររបស់លោកស្រី នឹងមានចំណូលកើនឡើងទ្វេដង។

ឆ្លៀតឱកាសពីការងារលក់ដូរប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាមកធ្វើលំហាត់ប្រាណ លេងកីឡា នៅតាមសួនច្បារសាលាស្រុកដោយក្តីសោមនស្សបំផុត។ អាជីវករលក់កាហ្វេក្នុងផ្សារអណ្តូងទឹក អ្នកស្រី ភោគ ផល ក្រោយសម្រាកពីការងារលក់ដូរ រាល់ពេលរសៀលអ្នកស្រីតែងតែ មកហាត់ប្រាណដើម្បីសុខភាពមិនដែលអាក់ខានឡើយ។

លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានឲ្យដឹងថា អាជ្ញាធរស្រុកនឹងខិតខំបោះបង្គោលភ្លើងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឲ្យបានគ្រប់មូលដ្ឋានភូមិ-ឃុំ ដើម្បីសម្រួលដល់ការស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការប្រកបមុខរបរផ្សេងៗ។

ក្រៅពីនេះ លោកអភិបាលស្រុក ក៏កំពុងជំរុញឲ្យប្រជាកសិករ បង្កើនការផលិត តាមរយៈការដាំដុះរួមផ្សំ និងចិញ្ចឹមសត្វ តាមវិធីសាស្ត្រថ្មីរបស់ជំនាញកសិកម្ម ដើម្បីប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុកផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង