វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម​ក្នុងខេត្តសៀមរាប នៅតែ​មានដំណើរការ​ល្អ ទោះបីជា​ក្នុង​វិបត្តិ​កូវីដ-១៩ក្តី

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអះអាងថា ទោះស្ថិតនៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ក្តី សម្រាប់វិស័យពាណិជ្ជកម្ម និងកសិកម្ម នៅក្នុងខេត្តសៀមរាប នៅតែមានដំណើរការល្អ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មមណ្ឌល ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការសម្របសម្របសម្រួលវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ (សៀមរាប-ឧត្តរមានជ័យ) ដែលប្រការនេះ គឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរ ឱ្យបានកាន់តែប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផង។

ជាមួយ គ្នា នេះ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង តែងតែយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចសហប្រតិបត្តការនិងការពង្រឹងសភាពាណិជ្ជកម្មខេត្តទាំងការកសាងសមត្ថភាពនិងប្រភពចំណូល ហេតុនេះស្នើដល់សភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ ជួយពង្រឹងការងារបាកូដ ដែលជាប្រភពចំណូលមួយដ៏សំខាន់សម្រាប់ជួយទ្រទ្រង់លេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ហើយសភាពាណិជ្ជកម្មកម្ពុជានឹងជួយគាំទ្របច្ចេកទេសនិងដើម្បីជំរុញកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹម នឹង នោះ ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ មានប្រសាសន៍ថា ឆ្នាំ២០១៩-២០២០ទោះបីស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងជំងឹកូវីដ-១៩តែសភាពាណិជ្ជកម្មខេត្តបានចូលរួមសកម្មភាពការងារសង្គមជាមួយអាជ្ញាធរដែនដីខេត្ត ស្ថាប័នរាជរដ្ឋាភិបាល ដៃគូឯកជននានានិងអ្នកវិនិយោគទុនជាច្រើដែរ ហើយសង្ឃឹមថាក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ដើម្បីឱ្យសេដ្ឋកិច្ចខេត្តសៀមរាបមានភាពរស់រវើកឡើងវិញ ហើយសភាពាណិជ្ជកម្មខេត្តក៏នឹងខិតខំបំពេញការងារបន្ថែមទៀតតាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

សូមជម្រាបថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានបង្កើតឡើងនៅឆ្នាំ២០០៤ឆ្លងកាត់ការដឹកនាំ៣ប្រធានមកហើយ តាមរយៈការបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង សម្រាប់ដំណើរការការងារក្នុងអាណត្តិនីមួយៗ៕

You can share this !

Loading...
អត្ថបទទាក់ទង