តុលាការ​កំពូល​កូរ៉េខាងត្បូង​តម្កល់​ការសម្រេច​ឲ្យអតីត​ប្រធានាធិបតី​លោកស្រី ផាក គុនហេ ជាប់ពន្ធនាគារ​២០ឆ្នាំ

ប្រែសម្រួល៖ នីតា

សេអ៊ូល៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលរបស់កូរ៉េខាងត្បូងបានប្រកាសតម្កល់ការកាត់ទោសឲ្យអតីតប្រធានាធិបតីលោកស្រី ផាក គុនហេ (Park Geun-hye) ជាប់ពន្ធនាគាររយៈពេល២០ឆ្នាំដោយចោទប្រកាន់ពីបទពុករលួយដែលជាការបញ្ចប់ដំណើរការផ្លូវច្បាប់។

លោកស្រី ផាក ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងកាលពីឆ្នាំ២០១៧បន្ទាប់ពីរកឃើញថាលោកស្រីបានឃុបឃិតជាមួយមនុស្សជំនិតម្នាក់ដើម្បីទទួលលុយរាប់ពាន់លានវ៉ុនពីក្រុមហ៊ុនធំៗដើម្បីជួយគ្រួសារនិងសម្រាប់បង់ចូលមូលនិធិដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់គោលនយោបាយរបស់លោកស្រី។

លោកស្រី ផាក បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងស្រីដំបូងគេនៅក្នុងឆ្នាំ២០១៣ ហើយក៏ជាប្រធានាធិបតីដំបូងគេដែលត្រូវបានដកតំណែងផងដែរ។

រឿងក្តីរបស់លោកស្រី ផាក ត្រូវបានជំនុំជំរះនៅក្នុងតុលាការជាច្រើន ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះតុលាការកំពូលបានសម្រេចតម្កល់ការកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំនិងបង់ប្រាក់ពិន័យជាង១៦លានដុល្លារអាមេរិក។

លោកស្រី ផាក ដែលបានស្ថិតនៅក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នោះ បានបដិសេធថាលោកស្រីមិនបានធ្វើខុសឡើយ ហើយលោកស្រីក៏មិនមានវត្តមាននៅក្នុងតុលាការផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង