ចិននឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​កូវីដ១៩​ដល់ពលរដ្ឋទូទៅ​នៅមុនឬក្រោយ​ពិធីបុណ្យ​ចូលឆ្នាំចិន

ប្រែសម្រួល៖ នីតា

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិនបាននិយាយកាលពីថ្ងៃពុធថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋទូទៅត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅមុនឬក្រោយពិធីបុណ្យចូលឆ្នាំចិនដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់ចិនបាននិយាយថា គិតត្រឹមសប្តាហ៍មុនប្រទេសចិនបានចាក់វ៉ាក់សាំងដល់ក្រុមអ្នកដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩កម្រិតខ្ពស់ចំនួនជាង៩លាននាក់រួមមានមន្ត្រីគយ, បុគ្គលិកសុខាភិបាល, បុគ្គលិកសេវាដឹកជញ្ជូនសាធារណៈ និងបុគ្គលិកនៅផ្សារលក់គ្រឿងសមុទ្រ ហើយមិនមាននរណាម្នាក់ចេញប្រតិកម្មធ្ងន់ធ្ងរទេក្រោយពីបានចាក់វ៉ាក់សាំង។

គណៈកម្មការសុខាភិបាលជាតិចិនបានលើកឡើងថា ពលរដ្ឋទូទៅនឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឆាប់ៗនេះដោយសារតែការផលិតវ៉ាក់សាំងមានការកើនឡើង ហើយបានបន្ថែមថាពលរដ្ឋនឹងបានចាក់វ៉ាក់សាំងនោះដោយឥតគិតថ្លៃ ខណៈដែលបច្ចុប្បន្នចិនបានបង្កើតទីតាំងចាក់វ៉ាក់សាំងជាង២ម៉ឺនកន្លែងនៅទូទាំងប្រទេស។

សូមរម្លឹកថា វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន ស៊ីណូហ្វាម (Sinopharm) ត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់នៅប្រទេសចិនកាលពីខែកក្កដា។ វាបានក្លាយជាវ៉ាក់សាំងដំបូងគេដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ពីនិយតករឱសថរបស់ចិនកាលពីថ្ងៃទី៣០ ខែធ្នូបន្ទាប់ពីលទ្ធផលបឋមនៃការសាកល្បងក្នុងដំណាក់កាលចុងក្រោយបង្ហាញថាវាមានប្រសិទ្ធភាព៧៩.៣៤%។

គណៈកម្មការសុខាភិបាលជាតិចិនបាននិយាយថា ដោយយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន វ៉ាក់សាំងនោះក៏មានសមត្ថភាពប្រឆាំងនឹងវីរុសកូរ៉ូណាវិវឌ្ឍខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង