រដ្ឋាភិបាល​អូស្រ្តាលី​ផ្តល់ឧបករណ៍​ដាំគ្រាប់ស្រូវ​ជាជួរ ចំនួន១០គ្រឿង​ដល់សហគមន៍​កសិកម្មនៅ​ស្រុកបរិបូរណ៍

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន១០គ្រឿង ជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី ផ្តល់តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទសម្រាប់ផ្តល់ជូនដល់សហគមន៍អភិវឌ្ឍន៍កសិកម្ម នៅស្រុកបរិបូរណ៍ ត្រូវបានប្រគល់ជូនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅឃុំមេលំ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

ក្រោមអធិបតីភាព ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។

លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកនេះ ខេត្តកំពង់ឆ្នាំង ទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន ១.៧៩២ហ.ត ស្នើនឹង ១០០%។

លោក ផាប្លូ ជីហូខាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍គូសបញ្ជាក់ថា ជំនួយដែលបានផ្តល់នាពេលនេះ ជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្មស្រូវទាំង១៩ខេត្តទូទាំងប្រទេស ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ខណ:ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩។

លោកបញ្ជាក់ទៀតថា កម្មវិធីកាវ៉ាក់ (CAVAC ) កំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែសង្វាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោលបំណងបង្កើនផលិតភាពនិងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារផងដែ។

ជាមួយនេះរដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញ ខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំ
ណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ជាក់ស្តែងថ្ងៃនេះ ឧបករណ៍ដាំគ្រាប់ស្រូវចំនួន១០គ្រឿងបន្ថែមទៀត បាននាំយកមកចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដោយសារមានតម្រូវការចាំបាច់ចំពោះឧបករណ៍ព្រោះគ្រាប់ស្រូវដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវនេះចំនួន ២៨០គ្រឿង ដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ៕

You can share this !

Loading...
អត្ថបទទាក់ទង