ប្រែសម្រួល៖ នីតា
តូក្យូ៖ ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិច២០២០បាននិយាយកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំនេះដូចដែលបានគ្រោងទុកមិនថាមានឬគ្មានជំងឺកូវីដ១៩។
លោក យ៉ូស៊ីរុ ម៉ូរី (Yoshiro Mori) បានបន្ថែមថាព្រឹត្តិការណ៍នេះនឹងមិនត្រូវបានពន្យារពេលទៅដល់ឆ្នាំ២០២៤ ឬរហូតដល់ឆ្នាំ២០៣២ដូចពាក្យចចាមអារ៉ាមឡើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ជប៉ុន, ការស្ទង់មតិចាស់មួយបានបង្ហាញថាជាង៨០%នៃអ្នកដែលត្រូវបានគេស្ទង់មតិជឿថាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិចទីក្រុងតូក្យូនិងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិចត្រូវបានលុបចោលឬពន្យារពេលសាជាថ្មីដោយសារតែជំងឺកូវីដ១៩នៅបន្តឆ្លងរាតត្បាត។ ហើយ៣៥.៣%ចង់ឲ្យលុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិច។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថារដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ខេត្តចំនួន៧ទៀតក្នុងគ្រាអាសន្ននៅថ្ងៃពុធនេះនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ខេត្តទាំងនេះមានពលរដ្ឋរស់នៅប្រហែល៥៥%នៃពលរដ្ឋសរុបរបស់ប្រទេសជប៉ុន។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង២៩៨,០០០នាក់និងមានអ្នកបាត់បង់ជីវិតសរុប៤,១៩២នាក់៕