រយៈពេល ៦ឆ្នាំ​ចុងក្រោយ ដៃគូ​អឺរ៉ុប​ផ្តល់ហិរញ្ញប្បទាន​សរុប ១.៤០០លាន​ដុល្លារ ដល់​កម្ពុជា

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ២០១៤-២០២០ ដៃគូអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ១.៤០០លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណងចំនួន ១.១០០លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុប ស្តីពីកិច្ចប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០២០។

ដោយឡែក ចំពោះការអនុវត្តកម្មវិធីណែនាំពហុឆ្នាំ២០១៤-២០២០ ដែលជាកម្មវិធីសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា, សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា សរុបប្រមាណ ៤១០លានអឺរ៉ូ សម្រាប់គាំទ្រដល់វិស័យអាទិភាពចំនួន ៣ រួមមាន វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ, វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យអភិបាលកិច្ច។

ក្នុងចន្លោះឆ្នាំ១៩៩២-២០២០ ដៃគូអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស្វីស) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ៤.២០០លានដុល្លារអាមេរិក សមមូលនឹង ១៩% នៃហិរញ្ញប្បទានសរុប ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១១ខែមករា ឆ្នាំ ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប និងតំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា (ឆែក, បារាំង, អាល្លឺម៉ង់, ស៊ុយអ៊ែត និងស្វីស) ដឹកនាំដោយលោក Franck Viault អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។

គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប-ដៃគូអឺរ៉ុប លើសេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧។

លោករដ្ឋមន្រ្តីប្រតិភូ ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានដ៏ល្អប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបទាំងអស់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់, ការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ និងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចនៅប្រទេសកម្ពុជា នាពេលកន្លងមក។

សូមបញ្ជាក់ថា សេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ គឺនឹងត្រូវបញ្ចប់សេចក្តីព្រាង បឋមនាចុងខែមករា ឆ្នាំ២០២១នេះ ដើម្បីត្រៀមសម្រាប់ដាក់ពិភាក្សា និងប្រមូលធាតុចូល និងអនុសាសន៍ ក្នុងកិច្ចពិគ្រោះ យោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប-ដៃគូអឺរ៉ុបប្រចាំកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង