អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន នៅថ្ងៃទី១ ខែកុម្ភៈ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០កន្លងទៅ ត្រូវរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬទៅសាខាធនាគារកាណាឌីយ៉ា ក. អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬទៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ ឬទៅសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅសាខាធនាគារ ស្ថាបនា ភីអិលស៊ី។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ទៅប្រកាសបង់ពន្ធឱ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ ។

សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ៕

You can share this !

Loading...
អត្ថបទទាក់ទង