ក្រសួង​ពាណិជ្ជកម្មកម្ពុជា ដាក់​ទំនិញ ៥០មុខ ក្នុងបញ្ជី​ត្រូវជម្រុញ​ការនាំចេញ​ទៅប្រទេសចិន ឱ្យបាន​ជាអតិបរមា

ភ្នំពេញ៖ ក្រុមការងារក្រសួងពាណិជ្ជកម្ម កាលពីចុងសប្តាហ៍មុននេះ បានបើកកិច្ចប្រជុំលើកទី៦រៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដោយផ្អែកតាមអនុសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន ៥០មុខ ក្នុងនោះ មានទំនិញជាផលិតផលថ្មីចំនួន ២០ មុខទំនិញ, ផលិតផលកំពុងលូតលាស់ចំនួន២០ មុខទំនិញ និង ផលិតផលចាស់ទុំចំនួន១០ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

លោក អនុរដ្ឋលេខាធិការ បានស្នើឲ្យក្រុមការងារលេខាធិដ្ឋាន សិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ ឬ ៨ ខ្ទង់ និងផ្តល់អនុសាសន៍លើទំនិញណាមួយឲ្យបានច្បាស់លាស់ ដែលយើងផលិតបាន និងមានតម្រូវការទីផ្សារ ហើយក្រុមលេខាធិការដ្ឋាន FTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍន៍ទីផ្សារ ក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពលសម្រាប់ជម្រុញការនាំចេញ ដើម្បីឲ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល ។

អង្គប្រជុំ ក៏បានឯកភាពគ្នា ចំនួន៣ចំនុច រួមមាន៖ (១) បន្ថែមការវិភាគ SWOT Analysis នៅក្នុង Factsheet ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្តល់អនុសាសន៍គោលនយោបាយចំពោះមុខទំនិញនីមួយៗ និងត្រូវកំណត់យក Factsheet ពី ២ទៅ៣ទំព័រ ប៉ុន្តែត្រូវតែមានព័ត៌មានគ្រប់ជ្រុងជ្រោយងាយស្រួលសម្រាប់ថ្នាក់ដឹកនាំ អ្នកនាំចេញ ធ្វើការសម្រេចចិត្តបានភ្លាមៗ។ (២) បានឯកភាពលើមាតិកានៃរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដោយបញ្ចូលចំនុចចក្ខុវិស័យនិងគោលបំណងទៅក្នុងសេចក្តីផ្តើមវិញ និងបន្ថែមតារាងឧបសម្ព័ន្ធ និង (៣)បង្កើតតារាងម៉ាទ្រិច(Matrix) រាយមុខទំនិញចំនួន ៥០ មុខ តាមអនុសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  ហើយចំនុចដែលបានឯកភាពទាំង៣ខាងលើនេះ នឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំលើកក្រោយទៀត៕

You can share this !

Loading...
អត្ថបទទាក់ទង