ក្រសួង​កសិកម្ម ផ្អាកការ​នាំចូល​ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅ​ប្រទេស ដើម្បី​ទីផ្សារ​ផលិតផល​ក្នុងស្រុក

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលចុងសប្តាហ៍មុន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពីការសម្រេចផ្អាកការនាំចូលត្រីមួយចំនួន ដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងត្រីមួយចំនួនទៀត ដែលអាចចិញ្ចឹមបានក្នុងស្រុក។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការផ្អាកនាំចូលត្រីមួយចំនួនក្នុងពេលនេះ គឺដើម្បីលើកកម្ពស់ទីផ្សារផលិតផលក្នុងស្រុក។ លោក បន្តថា ទន្ទឹមនឹងការជំរុញឱ្យមានវារីវប្បកម្មកាន់តែច្រើននោះ បច្ចុប្បន្ន អាជ្ញាធរ ក៏កំពុងជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើរោងចក្រផលិតចំណីសម្រាប់វិស័យវារីវប្បកម្មនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ការបង្កើនការវិនិយោគលើវារីវប្បកម្ម នឹងមិនត្រឹមជួយលើកកម្ពស់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយដល់អ្នកនៅក្នុងវិស័យពាក់ព័ន្ធផ្សេងៗទៀត ដូចជា រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ផលិតកម្មមួយចំនួន ឱ្យទទួលបានអត្ថប្រយោជន៍ពីការយកផលិតផលទាំងនោះ ទៅចូលក្នុងរោងចក្រដើម្បីកែច្នៃជាផលិតផលចំណីត្រីទៀតផង។

សូមបញ្ជាក់ថា ទិន្នន័យ​ពី​ក្រសួង​កសិកម្ម បានបង្ហាញ​ថា ​ក្នុង​ឆ្នាំ​ ២០២០ ការប្រមូលផល​ពី​វារីវប្បកម្ម ​សម្រេច​បាន ៤០០ ៤០០ ​តោន កើនឡើង ២៧,៧៩ ​ភាគរយ​ពី​ចំនួន ៣០៧ ៤០៨ ​តោន​ កាលពី​ឆ្នាំ​ ២០១៩៕

You can share this !

Loading...
អត្ថបទទាក់ទង