កោះកុង៖ ក្រុមអភិរក្សនៃរដ្ឋបាលជលផលនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសនៃអង្គការ WCS ទទួលបន្ទុកគម្រោងអភិរក្សស្រែអំបិល បានឱ្យដឹងថា ដើម្បីការពារពងក្រពើត្រីទាំងនេះកុំឱ្យជន់លិច បាត់បង់ ឬមានការលួចយក ក្រុមអភិរក្ស បានយកពងក្រពើត្រីទាំងនេះ ទៅរក្សាទុកក្នុងសំបុកសិប្បនិម្មិត នៅក្នុងភូមិមួយនៃស្រុកស្រែអំបិល ដើម្បីថែរក្សារហូតដល់វាញាស់ ដែលមានរយៈពេលចន្លោះពី ៦៥ថ្ងៃ ទៅ៨០ថ្ងៃ។ បន្ទាប់ពីញាស់ភ្លាម កូនក្រពើទាំងអស់ នឹងត្រូវលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់សត្វទាំងនោះវិញ ។
សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារចំនួនរបស់វានៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង ។
តាមការបញ្ជាក់របស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សត្វក្រពើត្រី បាននឹងកំពុងប្រឈមការគំរាមកំហែងជាច្រើនដល់ការរស់នៅរបស់ពពួកសត្វទាំងនេះ ។ នៅកម្ពុជា កត្តាគំរាមកំហែងនានា រួមមាន ការបាត់បង់ទីជម្រក និងការប្រមាញ់ក្រពើត្រីវ័យជំទង់ដោយខុសច្បាប់ និងការចាប់យកកូនក្រពើត្រីទើបញាស់ និងពង ទៅផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ ។
ប្រភេទសត្វក្រពើត្រីនេះ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងទំនងជាអាចមាននៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីផងដែរ ។ តាមការប៉ាន់ស្មាន នៅកម្ពុជា មានក្រពើត្រីនេះ ក្នុងវ័យជំទង់ប្រហែលចន្លោះពី ១០០ ទៅ ៣០០ក្បាល ដែលបង្ហាញថា កម្ពុជាគឺជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទសត្វក្រពើត្រីនេះ ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានរកឃើញសំបុកពងក្រពើត្រីចំនួន ១សំបុកមាន ១៩ពង និងនៅឆ្នាំ២០១៨ បានរកឃើញចំនួន ៣សំបុកមាន៧៨ពង ។ ចំណែក នៅពាក់កណ្តាលឆ្នាំ២០១៩ នេះ អង្គការបានរកឃើញ ពងក្រពើត្រីចំនួន ២សំបុក ដែលមាន ៤៨ពង ៕
អត្ថបទ៖ ហៀង រ័ត្ន