ប្រជានេសាទនៅតំបន់ទំនប់រលកត្អូញត្អែរ រកផលនេសាទមិនសូវបាន​ និងចំណាយដើមទុនច្រើន

អត្ថបទ៖ ប៉ៃ សុឃីម 

ព្រះសីហនុ៖ ប្រជាពលរដ្ឋដែលប្រកបរបរនេសាទសមុទ្រ ស្ថិតនៅក្នុងតំបន់ទំនប់រលកសង្កាត់លេខ១ ក្រុងព្រះសីហនុបានលើកឡើងថា នាពេលបច្ចុប្បន្នពួកគាត់រកផលនេសាទមិនសូវបានច្រើននោះទេ ដោយសារកត្តាជួបនូវខ្យល់ រលក និងចំណាយដើមទុនច្រើនហើយរកផលនេសាទបានតិច ដូច្នេះធ្វើឲ្យពួកគាត់ ជួបនូវបញ្ហាក្នុងការចិញ្ចឹម ជីវភាពនៅក្នុងគ្រួសាររបស់ពួកគាត់។

ក្នុងនោះបងប្អូនប្រជានេសាទដែល​ជាអ្នកចុះទូកក៏បានលើកឡើងដែរថា ក្នុងមួយថ្ងៃពួកគាត់ត្រូវចំណាយថវិកា ក្នុងរង្វង់ ៧០ម៉ឺនរៀល។ ឯផលនេសាទបានវិញក្នុងរង្វង់ ១លានរៀលដូច្នេះចំណេញបាន ២០ ម៉ឺនរៀល ក្នុងនោះទូទាត់ទៅលើសម្ភារ ដែលខូចខាត និងស្ថានភាពក្នុងការចំណាយផ្សេងៗគឺមានការចំណេញតិចតួចក្នុង ការចេញទៅប្រកបរបរនេសាទនៅលើផ្ទៃសមុទ្ររបស់ពួកគាត់។ ម្យ៉ាងវិញទៀតពួកគាត់ក៏បានបញ្ជាក់ថាការនេសាទនៅរដូវប្រាំងមិនសូវបានផលដូច នៅរដូវវស្សានោះឡើយ ក៏ប៉ុន្តែនៅរដូវវស្សា ជួបនូវខ្យល់ព្យុះរលកបោកបក់ខ្លាំងតែផលនេសាទបានច្រើន ជាងនៅរដូវប្រាំង។

ទាក់ទិនបញ្ហានេះ ​លោក ឯម ភា នាយខណ្ឌរដ្ឋបាលកំពង់សោម បានឲ្យដឹងថា ផលនេសាទមានពីរប្រភេទ គឺផលនេសាទចិញ្ចឹមតាមបែបវារីវប្បកម្ម និងផលនេសាទចាប់ដោយធម្មជាតិ។ផលនេសាទវារីវប្បកម្ម ដែលជំរុញក្នុងការចិញ្ចឹមដល់បងប្អូនប្រជាកសិករ ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ ២០១៩ បានជាង ៧រយតោន បើធៀបនឹងឆ្នាំ ២០២០ រយៈពេល ៩ ខែដូចគ្នាបានជាង ១ពាន់តោនគឺមានការកើនឡើង។ រីឯផលចាប់ពីសមុទ្រ ក្នុងឆ្នាំ ២០១៩ រយៈពេល ៩ ខែបាន ជាង ៤ម៉ឺន ៧ពាន់តោន ធៀបនឹងឆ្នាំ២០២០ រយៈពេល ៩ ខែ ដូចគ្នាគឺបានជាង៤ម៉ឺន ៥ពាន់តោន មានការថយចុះ ជាងឆ្នាំមុនបន្តិច។ ក៏ប៉ុន្តែសម្រាប់ការចិញ្ចឹម តាមបែបវារីវប្បកម្ម មានការកើនឡើង គឺតាមរយៈរដ្ឋបាលជលផលបានចុះអប់រំផ្សាយ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចិញ្ចឹម តាមបែបវារីវប្បកម្មក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ និងផ្គត់ផ្គង់ជីវភាពគ្រួសារជាពិសេសនៅក្នុង ដំណាក់កាល នៃជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនេះផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង