គម្រោងធំៗចំនួន៩ របស់រដ្ឋបាលខេត្តកែប កំពុងដំណើរការ ការដ្ឋានសាងសង់ នៅទូទាំងខេត្ត ចាប់ពីថ្នាក់ក្រុង-ស្រុកដល់ថ្នាក់ឃុំ-សង្កាត់

អត្ថបទ៖ ង៉ុង សាន់

កែប៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ដែលទើបឡើងកាន់តំណែងប្រមាណជាង ៤ខែមកនេះ បានដាក់ចេញនៅយុទ្ធសាស្រ្តនានាក្នុងការអភិវឌ្ឍខេត្តក្នុងអាណត្តិរបស់លោក ដោយបច្ចប្បន្ន មានគម្រោងចំនួន ៩កំពុងដំណើរការ។ 

ជាញឹកញយដងលោកតែងតែប្រើពាក្យ មានផ្លូវមានសង្ឃឹម ដែលប្រយោគនេះបានក្លាយទៅជាចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាកែប្រែមុខមាត់ខេត្តឲ្យកាន់តែរីកចម្រើន ជាពិសេសគឺលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមទីប្រជុំជន រហូតដល់ជនបទ តាមរយៈការកសាងផ្លូវនេះឯង។

ជាក់ស្តែងបច្ចប្បន្ននេះ ការដ្ឋានសាងសង់គម្រោងធំៗចំនួន៩ កំពុងដំណើរការសាងសង់ នៅទូទាំងខេត្តកែប ចាប់ពីថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ ដែលក្នុងចំណោមគម្រោងធំៗទាំងនោះមាន គម្រោងជួលជុលផ្លូវចំនួន ៦គម្រោង ក្នុងនោះមានគម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូអាសេ មួយគម្រោង មាន១០កំណាត់ខ្សែ ស្ថិតនៅក្រុងកែប គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន៣គម្រោង ស្ថិតនៅមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ គម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១.៨០០ម៉ែត្រ នៅចំណុចផ្លូវស្រែអំបិលភូមិអំពេង និងគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៨៩០ម៉ែត្រ លើកំណាក់ផ្លូវ ១៣៣អា ស្ថិតក្នុងភូមិកែប ក្រុងកែប។

ក្រៅពីគម្រោងជួសជុលផ្លូវ ខេត្តក៏កំពុងដំណើរការកាដ្ឋានគម្រោងសាងសង់ រូបសំណាកនាងមច្ឆានុ ដែលស្ថិតនៅភូមិអំពេង គម្រោងសាងសង់សាលប្រជុំស្តង់ដារបស់សាលាខេត្តកែប និងគម្រោងដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដងគោមបំភ្លឺ និងតបណ្តាញអគ្គិសនីនៅទូទាំងខេត្តកែបទាំងមូលផងដែរ។  

ប្រជាពលរដ្ឋ បានសម្តែងក្តីត្រេកអរ ចំពោះការអភិវឌ្ឍខេត្តក្នុងអាណត្តិដែលអភិបាលខេត្តថ្មីដែលទើបឡើងកាន់ដំណែង បានខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់ ជាពិសេសការសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុង ទៅដល់ភូមិស្រុកដែលនៅឆ្ងាយពីទីប្រជុំជន ដែលនេះ នឹងបានជួយលើកកម្ពស់ការរស់នៅ ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង