ខេត្តភាគ​ខាងជើង​ប្រទេសចិន​ចាត់វិធានការ​យ៉ាងតឹងរឹង​ក្រោយពី​រកឃើញ​ករណីឆ្លង​ក្នុងស្រុក​នៃ​ជំងឺ​កូវីដ១៩

ប្រែសម្រួល៖ នីតា

ចិន៖ គណៈកម្មការសុខាភិបាលចិនបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា អាជ្ញាធរនៅក្នុងខេត្តធានជីន (Tianjin) ភាគខាងជើងប្រទេសចិនបានចាត់វិធានការយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្រោយពីបានរកឃើញករណីឆ្លងក្នុងស្រុកចំនួន៤ករណីថ្មី។

វិធានការនោះផ្តោតសំខាន់ទៅលើសហគមន៍មួយនៅក្នុងស្រុកដុងជាំង (Dongjiand) ដែលជាកន្លែងរស់នៅនិងធ្វើការរបស់អ្នកជំងឺកូវីដ១៩ទាំង៤នាក់នោះ និងនៅមន្ទីរពេទ្យ២កន្លែងទៀតដែលពួកគេបានទៅធ្វើតេស្តិ៍។ សហគមន៍នេះដែលត្រូវបានចាត់ទុកជាតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ព្រមទាំងតំបន់ដែលនៅជុំវិញត្រូវបានបិទមិនឲ្យចេញចូលឡើយ។

អនុប្រធានគណៈកម្មការសុខាភិបាលខេត្តធានជីន (Tianjin) លោក គូ ឈីង (Gu Qing) បាននិយាយថា «អ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនិងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល។»

គួរបញ្ជាក់ថា អ្នកទាំង៤នាក់នោះត្រូវបានតេស្តិ៍អវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្តែបានចេញលទ្ធផលវិជ្ជមានក្រោយពីបានធ្វើតេស្តិ៍ម្តងទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍៕

You can share this !

Loading...
អត្ថបទទាក់ទង