របាយការណ៍​អ.ស.ប​ប៉ាន់ស្មាន​ថាកំណើន​សេដ្ឋកិច្ច​សកលលោក​ក្នុងឆ្នាំនេះ​នឹង​ធ្លាក់ចុះ៤,៣%

ប្រែសម្រួល៖ នីតា

ស្វីស៖ យោងតាមរបាយការណ៍ថ្មីមួយដែលចេញដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) កាលពីថ្ងៃព្រហស្បតិ៍ សេដ្ឋកិច្ចសកលលោកកំពុងប្រឈមនឹងការធ្លាក់ចុះ៤,៣%នៅឆ្នាំ២០២០នេះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។

របាយការណ៍នោះបានចង្អុលបង្ហាញថាប្រសិនបើវិបត្តិជំងឺកូវីដ១៩នៅបន្តកើតមានរហូតដល់ឆ្នាំក្រោយ នោះមនុស្ស១៣០លាននាក់បន្ថែមទៀតនឹងរស់នៅក្នុងភាពក្រីក្រខ្លាំង។

របាយការណ៍ដដែលនោះបានសង្កត់ធ្ងន់ថា ផលប៉ះពាល់នៃជំងឺកូវីដ១៩គឺមិនស្មើគ្នាទេពោលគឺគ្រួសារដែលមានប្រាក់ចំណូលទាប, ជនអន្តោប្រវេសន៍, កម្មករ និងស្ត្រីត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាង ហើយឧស្សាហកម្មទេសចរណ៍, សហគ្រាសខ្នាតតូចនិងមធ្យមក៏រងផលប៉ះពាល់ខ្លាំងផងដែរ។

វាបានបញ្ជាក់ផងដែរថា ខណៈដែលបណ្តាប្រទេសក្រីក្របំផុតនិងងាយរងគ្រោះបំផុតនៅលើពិភពលោកខ្វះខាតធនធានចាំបាច់ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩, អត្រានៃភាពក្រីក្រត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់៨,៨% ដែលជាតួលេខមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧មក។

សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

You can share this !

Loading...
អត្ថបទទាក់ទង