ហុងគ្រីជា​ប្រទេសទី១​នៅអឺរ៉ុប​ដែលនាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុសកូវីដ១៩​របស់​រុស្ស៊ីដេីម្បី​ធ្វេីការ​សាកល្បង

ហុងគ្រី៖ ហុងគ្រីបានក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលបាននាំចូលដូសដំបូងនៃវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ ស្ពុតនីក វី (Sputnik V) របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ប្រទេសហុងគ្រីគ្រោងនឹងធ្វើការសាកល្បង ហេីយប្រហែលជានឹងផលិតវ៉ាក់សាំងរបស់រុស្ស៊ីនេះ ដែលជាសកម្មភាពមួយមិនធ្លាប់មានពីមុនមកសម្រាប់រដ្ឋជាសមាជិកសហភាពអឺរ៉ុប។

ក្រោមច្បាប់របស់សហភាពអ៊ឺរ៉ុប វ៉ាក់សាំង ស្ពុតនីក វី (Sputnik V) ត្រូវតែទទួលបានការអនុញ្ញាតពីទីភ្នាក់ងារឱសថអឺរ៉ុបជាមុនសិន មុននឹងត្រូវបានដាក់លក់នៅក្នុងរដ្ឋជាសមាជិកណាមួយនៃប្លុកមួយនេះដែលមានសមាជិក២៧ប្រទេស។

សម្រាប់ហុងគ្រី ការនាំចូលវ៉ាក់សាំង ស្ពុតនីក វី (Sputnik V) របស់រុស្ស៊ីនេះ គឺជាផ្នែកមួយនៃផែនការដែលអាចនាំឱ្យទៅដល់ការនាំចូលកាន់តែច្រើន និងការផលិតទ្រង់ទ្រាយធំក្នុងស្រុកនៅឆ្នាំក្រោយប្រសិនបើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩នេះបង្ហាញថា «មានសុវត្ថិភាព» និង «ប្រសិទ្ធភាព»។

គេរំពឹងថា វ៉ាក់សាំង ស្ពុតនីក វី (Sputnik V) នឹងត្រូវបានសាកល្បង និងផលិតនៅក្នុងប្រទេសដទៃទៀតនៅទូទាំងពិភពលោកក្រៅពីប្រទេសរុស្ស៊ី ដែលមានដូចជាប្រទេសប្រេស៊ីល, ម៉ិកស៊ិក, ហ្វីលីពីន និង អេមីរ៉ាតអារ៉ាប់រួម ។

មូលនិធិវិនិយោគដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនថា លទ្ធផលនៃការសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វ៉ាក់សាំង ស្ពុតនីក វី (Sputnik V) មានប្រសិទ្ធភាព ៩២% ក្នុងការប្រឆាំងនឹងវីរុសកូវីដ១៩ ហើយប្រទេសរុស្ស៊ីកំពុងត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនេះទ្រង់ទ្រាយធំ៕

You can share this !

Loading...
អត្ថបទទាក់ទង