កូរ៉េខាងត្បូង​ព្រមាន​ដាក់វិធានការ​រឹតបន្តឹង​ឡេីងវិញ​ដេីម្បី​ទប់ទល់​នឹងរលកទីបី​នៃការឆ្លង​រាតត្បាត​របស់​វីរុស​កូវីដ១៩

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានស្នេីសុំឲ្យមហាជនចៀសវាងការជួបជុំក្នុងសង្គម និងបានព្រមានថា ចាំបាច់ត្រូវមានវិធានការតឹងរ៉ឹងជាងមុន ប្រសិនបើរលកថ្មីនៃការឆ្លងវីរុសកូវីដ១៩មិនត្រូវបានទប់ស្កាត់ឲ្យបានឆាប់រហ័សទេនោះ។

នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូងបានអំពាវនាវឱ្យលុបចោលផែនការជួបជុំទាំងអស់ដែលបានគ្រោងទុកសម្រាប់ពេលដំណាច់ឆ្នាំ និងអំពាវនាវឲ្យនិយោជកលេីកទឹកចិត្តនិយោជិកឱ្យធ្វើការពីផ្ទះ ព្រមទាំងអំពាវនាវឲ្យមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅស្នាក់នៅផ្ទះ។

នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូងបាននិយាយថា «ប្រសិនបើយើងមិនបញ្ឈប់ល្បឿននៃការឆ្លងរីករាលដាលនេះទេ នោះជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនឹងត្រូវបានដាក់កម្រិត»។

ប្រទេសកូរ៉េខាងត្បូងបានរឹតបន្តឹងគោលការណ៍ណែនាំស្តីពីការបង្ការការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែការព្រួយបារម្ភកំពុងកេីនឡេីងដោយសារថា ការហាមឃាត់ការជួបជុំជាសាធារណៈនោះនៅមិនទាន់ទូលំទូលាយទេ ពីព្រោះ រង្គសាល, ក្លឹបរាត្រី, កម្មវិធីសាសនា និងព្រឹត្តិការណ៍កីឡា នៅតែត្រូវបានអនុញ្ញាតឱ្យបើកដំណេីរការ ដោយគ្រាន់តែកំណត់ចំនួនមនុស្សដែលចូល។

ទីភ្នាក់ងារបង្ការ និង គ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េបានប្រកាសថា រលកទីបីនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩កំពុងតែកេីតឡេីង ដោយករណីឆ្លងថ្មីចំនួន៣៦៣នាក់ត្រូវបានរកឃេីញកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទី៣ជាប់គ្នាដែលករណីឆ្លងថ្មីប្រចាំថ្ងៃមានចំនួនលេីស៣០០នាក់។

ប្រទេសកូរ៉េខាងត្បូងឥឡូវនេះមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន៣០.០១៧នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារីរុសនេះចំនួន៥០១នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង