ច្រើនណាស់! សមត្ថកិច្ច ឆែក​ឃើញ​ថ្នាំញៀន​ជិត៤០គីឡូក្រាម ដែល​ដំបូង ស្មានថា កញ្ចប់តែ

ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ករណីនេះបានើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យបានហើយ កម្លាំងសមត្ថកិច្ចបានឆែកឆេរបន្ទប់នោះភ្លាមៗដែរតាមដីកាបង្គាប់ និងមានការចូលរួមដោយផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុប្រហែល ៤០ឆ្នាំ ហើយសមត្ថកិច្ចរកឃើញវត្ថុតាងជាច្រើន រួមមាន៖ វត្ថុច្រកក្នុងកញ្ចប់តែ សញ្ញាលេខ៨៨៨ ពណ៌ត្រួយចេកខ្ចី សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣៧ដុំ។ វត្ថុតាងច្រកក្នុងកញ្ចប់តែ សញ្ញាប៉ាន់តែ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០ដុំ, ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨ថង់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទិកក្រោយរំលែកគ្រឿងញៀន ១គ្រឿង និងឧបករណ៍សម្រាប់រំលែកគ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

You can share this !

Loading...
អត្ថបទទាក់ទង