គណៈកម្មការ​ដោះស្រាយ​ទំនាស់ដីធ្លី​ខេត្តបន្ទាយមានជ័យ សម្រេច​ដាក់ឱសានវាទ​ក្នុងរឿង​ទំនាស់ដីធ្លី​រ៉ាំរ៉ៃជិត ២០ឆ្នាំ នៅ​ចំនុច​អូរស្វារអិល

បន្ទាយមានជ័យ៖ ទំនាស់ដីធ្លី ៦៦ហិកតានៅចំណុចអូរស្វារអិល ដែលកើតឡើងរ៉ាំរ៉ៃជិត ២០ឆ្នាំ នឹងឈានដល់ទីបញ្ចប់ ទោះបីភាគីម្ខាងទៀត(មិនមានឯកសារស្របច្បាប់) មិនព្រមទទួលយកតាមការដោះស្រាយឈ្នះៗទាំងអស់គ្នា ខណៈភាគី 14គ្រួសារ ដែលកាន់ឯកសារស្របច្បាប់ ព្រមបែងចែកដីឱ្យមួយគ្រួសារទំហំ 12គុណ 20ម៉ែត្រ។
ការដោះស្រាយមិនចេះចប់ រហូតឈានដល់ការកំណត់ខាងលើ ត្រូវបានគណៈកម្មការប្រជុំរកដំណោះស្រាយដោយចូលតែភាគីម្ខាង នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំរកដំណោះរវាងប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលទំនាស់ជាមួយប្រជាពលរដ្ឋចំនួន ៥១គ្រួសារនៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ោយ ធ្វើឡើងបន្ទាប់ពីគណៈកម្មការដោះស្រាយទំនាស់ដីធីខេត្ត បានចេញលិខិតអញ្ជើញទាំងពីរភាគី ដើម្បីរកដំណោះស្រាយនៅម៉ោង ២រសៀល ប៉ុន្តែឃើញតែវត្តមានមន្ត្រីស្ថាប័នពាក់ព័ន្ធ និងភាគីតំណាង ១៤គ្រួសារ តែប្រជាពលរដ្ឋ ៥១គ្រួសារ មិនបានចូលមកប្រជុំនោទេ។ គណៈកម្មការ បានសម្រេចបើកការប្រជុំពិភាក្សារកដំណោះស្រាយ ក្រោមការដឹកនាំប្រជុំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចូលរួម។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដីចំណុចអូរស្វារអិល ដែលមានទំនាស់រវាងពលរដ្ឋចំនួន ១៤គ្រួសារ និងពលរដ្ឋចំនួន ៥១ គ្រួសារ គឺទំនាស់ដ៏រ៉ាំរ៉ៃ និងអូសបន្លាយជាង ២០ឆ្នាំហើយមិនដោះស្រាយចេញនៅឡើយ។ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៥១គ្រួសារ ទទួលយកការដំណោះស្រាយមានចំនួន ៣៥គ្រួសារ ដែលភាគីប្រជាពលរដ្ឋចំនួន១៤គ្រួសារ សម្បទានឱ្យ ១គ្រួសារទទួលបានដី ៨ម៉ែត្រគុណ២០ម៉ែត្រ។ ប៉ុន្តែមានប្រប្រជាពលរដ្ឋ ១៦គ្រួសារ ដែលមិនទទួលយកហើយថែមទាំងលក់ដូរ និងប្រមូលពលរដ្ឋដទៃទៀតចូលទៅកាន់កាប់យ៉ាងអានាធិបតេយ្យបន្ថែមទៀត ទោះបីជាការដោះស្រាយកំពុងដំណើរការក៏ដោយ។ ទោះបីជាមានការចូលកាន់កាប់បន្ថែមក៏ដោយ ភាគី 14គ្រួសារដែលមានឯកសារស្របច្បាប់នៅតែបន្តដោះស្រាយជូនតាមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។

ដោយយោងតាមស្មារតីភាគីប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលើផ្ទៃដី ៦៦ហិកតា បានសម្រេចគោលជំហរ នៅបន្តដោះស្រាយជូនប្រជាពលរដ្ឋចំនួន១៦គ្រួសារក្នុងចំណោម ៥១គ្រួសារ បានដូចគ្នាឱ្យទទួលបានភាពឈ្នះឈ្នះ ទាំងអស់ ដើម្បីបញ្ចប់ទំនាស់តែចំពោះប្រជាពលរដ្ឋដែលទើបចូលទៅរស់នៅថ្មីតាមរយៈមេខ្យល់អនាធិបតេយ្យ គឺនឹងចាត់វិធានការតាមច្បាប់។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា លិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់ វាស់វែង បែងចែក និងលក់ដូរដីធ្លី និងសង់ផ្ទះ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

យោងតាមកិច្ចប្រជុំ ក៏សម្រេចទុករយៈពេល15ថ្ងៃឱ្យភាគីម្ខាងទៀត ដែលមិនចូលប្រជុំ ទទួលយកដីតាមការផ្តល់ឱ្យរបស់ភាគី14គ្រួសារ បើមិនទទួលតាមការបែងចែក ផុតរយះពេល15ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចប់អាជ្ញាធរខេត្ត នឹងចាត់ការតាមនីតិវីធីរដ្ឋបាល៕

You can share this !

Loading...
អត្ថបទទាក់ទង