ចាប់រថយន្ត​ដឹកក្រួចបង្កក​ចំនួន ១៥០០គីឡូក្រាម ចេញពី​ប្រទេស​វៀតណាម

ភ្នំពេញ៖ សមត្ថកិច្ចនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់បានរថយន្ត១គ្រឿងចំណុះ ៣,៥តោន ដឹកសត្វក្រួចបង្កកចំនួន ៥០កេះ ស្មើនឹង ១,៥០០គីឡូក្រាម ដែលដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើងនៅវេលាម៉ោង ១:១២នាទី រំលងអធ្រាត្រ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ។

ក្រោយឃាត់បានរថយន្ត មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យមិនមានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វត្ថុតាង និងបទល្មើសនោះ បាននាំយកទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

You can share this !

Loading...
អត្ថបទទាក់ទង