វៀតណាម នឹងបន្តស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនៅខេត្តមណ្ឌលគិរី នៅចុងខែវិច្ឆិកានេះ

ដោយ៖ គង់ ប៊ុនណា

មណ្ឌលគិរី៖ ភាគីកម្ពុជា និងវៀតណាម បានជួបពិភាក្សាលើការងារផែនការ កិច្ចសហប្រតិបត្តិការក្នុងការចាត់តាំងឱ្យក្រុមការងារជំនាញ K51 ខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បន្តអនុវត្តផែនការចុះសិក្សាស្វែងរុករកជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្រ្គាមនៅកម្ពុជា នៅរដូវប្រាំង ឆ្នាំ២០២០-២០២១។ 

ក្នុងជំនួបរវាងប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរីជាមួយភាគីវៀតណាម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅច្រកព្រំដែនទ្វេរភាគីប៊ូប្រាង នៃខេត្តដាក់ឡាក់ ដោយភាគីវៀតណាម បានឱ្យដឹងថា ការរុករកនោះ នឹងត្រៀមបម្រុងចាប់ពីខែវិច្ឆិកា ឆ្នាំនេះ រហូតដល់ចុងខែឧសភា ឆ្នាំ២០២០១ ហើយទីតាំងដែលត្រូវរុករកអដ្ឋិធាតុនៅតាមក្រុង/ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន បានប្រាប់ទៅភាគីវៀតណាមថា ក្នុងរយៈពេលនៃការអនុវត្តការងារជីកគាស់ស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្រ្គាមនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី, ក្រុម K51 ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ទៅតាមច្បាប់របស់កម្ពុជា និងគោរពទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន ជាពិសេសជនជាតិដើមភាគតិច។ 

ក្រៅពីនោះ លោកស្រីអភិបាលរងខេត្តបញ្ជាក់ថា ប្រសិនបើមានបញ្ហាកើតមានឡើង ភាគីទាំងពីរត្រូវធ្វើការភិភាក្សាគ្នារកវិធីសាស្រ្ត ដើម្បីដោះស្រាយទៅតាមសមត្ថកិច្ចរៀងៗខ្លួន។ ក្នុងករណីមានបញ្ហាកើតឡើងហួសពីសមត្ថកិច្ច ភាគីទាំងពីរត្រូវធ្វើរបាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើរៀងៗខ្លួន៕

You can share this !

Loading...
អត្ថបទទាក់ទង