សមាគម​រោងចក្រ​កាត់ដេរ រំពឹង​ទទួលបាន​ប្រព័ន្ធអនុគ្រោះពន្ធ នៅពេល​អង់គ្លេស ចាកចេញ​ពី​សហភាពអឺរ៉ុប

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានរំពឹងថា នឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ(GSP)ពីប្រទេសអងគ្លេស នៅពេលដែលប្រទេសជឿនលឿនមួយនេះ កំពុងដកខ្លួនចាក់ចេញពីសហភាពអឺរ៉ុប(EU) នៅដើមឆ្នាំ២០២១។

យោងតាមសេចក្តីណែនាំរបស់ GMAC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងទៅលើផ្នែកនៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស(Brexit): វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។

ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់សហភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹងមានក្របខ័ណ្ឌចំនួន ៣ គឺ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។ កម្ពុជា ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។

GMAC បានបញ្ជាក់ថា កំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេសដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្តូរមួយចំនួននៅក្នុងនីតិវិធីរដ្ឋបាល (ប្រសិនបើមាន) ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញ កាលបរិច្ឆេទចូលជាធរមាននៃការអនុវត្ត (ថាតើកាលបរិច្ឆេទនៃការដឹកជញ្ជូនឬកាលបរិច្ឆេទនៃការទៅដល់)៕

You can share this !

Loading...
អត្ថបទទាក់ទង