ទូតអង់គ្លេស​ប្រចំាកម្ពុជា អះអាង​ក្នុងការជំរុញ​ការអភិវឌ្ឍ​វិស័យឯកជន និង​សកម្មភាពពាណិជ្ជកម្ម​នានា​ជាមួយកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោកស្រី Tina Redshaw  បានអះអាងថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជា លោកស្រី នឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានាឲ្យកាន់តែរីកចំរើនបន្ថែមទៀត។

ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែវិច្ឆិកា។

លោកស្រី Tina Redshaw  បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅម្ពុជា និងសូមសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាល-ដាល នៃជំងឺកូវីដ-១៩ ។

បន្ថែមលើកិច្ចពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វភាគី, ភាគីទាំងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក ជាដើម ព្រមទំាងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នកវិនិយោគិនទៅវិញទៅមក ឲ្យបានច្រើនបន្ថែមទៀត ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់លោក ស្រីឯកអគ្គរាជទូត និងបានសង្កត់ធ្ងន់ថា បើទោះជាពិភពលោកកំពុង ស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺ Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត, រំខានដល់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ, រាជរដ្ឋាភិបាលកម្ពុជា ខិតខំ និងត្រៀមលក្ខណៈ ក្នុងការផ្តល់កិច្ចសហការគំាទ្រ បន្តពង្រីកកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ចូលរួមចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងជា បន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេស ការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា, ថ្នាក់ក្រោយឧត្តមសិក្សា, និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឱ្យទៅសិក្សានៅចក្រភពអង់គ្លេស ជាដើម ៕

You can share this !

Loading...
អត្ថបទទាក់ទង