កម្ពុជា-សហភាព​អឺរ៉ុប ពង្រឹង​ពាណិជ្ជកម្ម-វិនិយោគ​ទ្វេភាគី ដើម្បី​ស្តារសេដ្ឋកិច្ច​បង្ក​ដោយ​វិបត្តិ​កូវី-១៩

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុប លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

លោករដ្ឋលេខាធិការ បានធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។

កិច្ចពិភាក្សានេះ ក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋលេខាធិការ ក៏បានពន្យល់ថា ផលប៉ះពាល់កើតចេញពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យការបញ្ជាទិញពីបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបមានការថយចុះ ដោយសារការបិទទីផ្សារក្នុងស្រុក និងការកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក៕

You can share this !

Loading...
អត្ថបទទាក់ទង