ផលប៉ះពាល់​នៃ​ជំងឺកូវីដ១៩ ធ្វើឱ្យវិស័យ​អាកាសចរណ៍​ស៊ីវិលកម្ពុជា ធ្លាក់ចុះ​យ៉ាងគំហុក ក្នុង​រយៈពេល ១០ខែឆ្នាំ​នេះ

អត្ថបទ៖ អៀវ ឈៀងនី

ភ្នំពេញ៖ របាយការណ៍មួយស្តីពីវិស័យអាកាសចរណ៍នៅកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងរយៈពេល១០ ខែឆ្នាំ២០២០ ក្នុងនោះ អ្នកដំណើរតាមផ្លូវអាកាស ចេញ-ចូលកម្ពុជា មានចំនួនជាង ២លាននាក់ ធ្លាក់ចុះ ៧៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានរហូតដល់ជិត ១០លាននាក់។

របាយការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២០ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ដោយសាជំងឺកូវីដ១៩។ ក្នុងនោះ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបានជាង១លាន ២សែននាក់ ធ្លាក់ចុះ ៧៤%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរជាង ៦១ម៉ឺននាក់ ធ្លាក់ចុះ៨១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលអ្នកដំណើរចំនួន ២១ម៉ឺននាក់ ធ្លាក់ចុះ ៨៦ភាគរយ។

កាលពីឆ្នាំ២០១៩ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល ជាង ១១លាននាក់មកពីបណ្ដាគ្រប់ប្រទេសនានាលើសកលលោកជាមួយនឹងអត្រាកំណើន ១៣% ខណៈ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ តាមស្តង់ដារអន្តរជាតិចំនួនបី និងបានទទួលការវិនិយោគ អាកាសយានដ្ឋានអន្តរជាតិថ្មីពីរបន្ថែមទៀត នាពេលថ្មីៗនេះ។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានអះអាងថា ការធា្លក់ចុះអ្នកដំណើរ និងការដឹកទំនិញតាមផ្លូវអាកាសនៅក្នុងរយៈពេលនេះ ដោយសារការបិទទិដ្ឋាការ សម្រាប់អ្នកទេសចរ ដែលជាវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។

អ្នកជំនាញ បានឱ្យដឹងបន្ថែមថា កត្តាដែលធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវីល ជួបបញ្ហាលំបាក និងមិនមានសង្ឃឹមថា អាចងើបឡើងវិញបាន ពីនេះរហូតពាក់កណ្តាលឆ្នាំ២០២១ គឺដោយសារតែពេលនេះ ប្រទេសភាគច្រើននៅតំបន់អឺរ៉ុប កំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំង។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ សព្វថ្ងៃនេះ វិស័យទេសចរណ៍ រងផលប៉ះពាល់យ៉ាងខ្លាំងដែលអាជីវកម្មប្រមាណ ៩០ ភាគរយ ត្រូវបានបិទទ្វារ ហើយក្នុងចំណោមវិស័យសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារវិបត្តិជំងឺកូវីដ១៩ គឺវិស័យដឹកជញ្ជូនផ្លូវអាកាស៕

You can share this !

Loading...
អត្ថបទទាក់ទង