១០ខែឆ្នាំ២០២០ ទំហំ​​ទឹកប្រាក់​​នាំចេញ-នាំចូល​​របស់​តំបន់សេដ្ឋកិច្ច​​ពិសេស​​ក្រុងព្រះសីហនុ មាន ១,៣០០លានដុល្លារ​​អាមេរិក កើនឡើង ៣១​ភាគរយ

អត្ថបទ៖ ស៊ន ពិសិដ្ឋ

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ពោលគឺចាប់ពីខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១,៣០០លានដុល្លារអាមេរិក បានកើនឡើងចំនួន៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់លោក ឈិន ចៀនហ្គាង (CHEN JIANGANG) ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ឈិន បានបន្ថែមថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគទាំងអស់ ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារ ចំនួន ៣ម៉ឺនកន្លែង។ ក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន ៣ពាន់នាក់។

លោកប្រធានក្រុមហ៊ុន បានលើកឡើងថា ក្នុងគោលបំណងដើម្បីឆក់យកឱកាស នៃការអភិវឌ្ឍយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការសម្រេចនូវការរំពឹងទុក ដែលកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទៅឧទ្យានអន្ដរជាតិ របស់សម្ដេចតេជោ ហ៊ុន សែន។ លោកបន្ថែមថា នឹងបង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំឯកសារ ដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជា ដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិ ជាពិសេសនៅតំបន់អឺរ៉ុប និងអាមេរិក និងស្នើសុំលោកឧបនាយករដ្ឋមន្ត្រី គាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនកម្ពុជា ទៅជាឧទ្យានអន្តរជាតិ ហើយនឹងខិតខំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា និងបន្ទាប់មកនៅហុងកុង។

លោកឈិន បានបន្ថែមទៀតថា រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម គ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗ ហើយនឹងអញ្ជើញលោកឧបនាយករដ្ឋមន្ត្រី ចូលរួមពិធីសម្ពោធរោងចក្រអគ្គិសនីនេះផងដែរ។

 ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី  បានលើកថា  តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកូនបង្កើតរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ របស់លោកស៊ី ជិនពីង ប្រធានាធិបតីចិន។ តំបន់សេដ្ឋកិច្ចនេះ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះសីហនុ និងជាក្បាលម៉ាស៊ីន សម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា ហើយក្រុមហ៊ុនចិនជាច្រើន បានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុនេះ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបាន ១០ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានាផ្សេងទៀត ឲ្យបានកាន់តែច្រើន។ លោក បានបន្ថែមថា តំបន់សេដ្ឋកិច្ចនេះ គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នឹងគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចូលទីផ្សារភាគហ៊ុនកម្ពុជា ហើយជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការអភិវឌ្ឍខ្លាំង នាពេលខាងមុខឆាប់នេះ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជា និងហុងកុង។

 លោក ឧបនាយករដ្ឋមន្ត្រី រីករាយនឹងចូលរួមពិធីសម្ពោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកុំឲ្យរាំងស្ទះដំណើរការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ៕

You can share this !

Loading...
អត្ថបទទាក់ទង