តម្លៃ​ប្រេងសាំង បន្ត​ធ្លាក់ថ្លៃ តែ​ប្រេងម៉ាស៊ូត បាន​ហក់ឡើង​បន្តិច ចាប់ពី​ថ្ងៃទី១៦​ខែវិច្ឆិកា

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ប្រេងសាំងធម្មតា EAB2 បានធ្លាក់ចុះមកត្រឹម ២,៩០០រៀលក្នុងមួយលីត្រ។ ដោយឡែក សម្រាប់ប្រេងម៉ាស៊ូត បានហក់ឡើងដល់ ២,៦០០រៀលក្នុងមួយលីត្រ។  នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅដើមខែវិច្ឆិកា ប្រេងសាំងមានតម្លៃ ២,៩៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ២,៥៥០រៀលក្នុងមួយលីត្រ។ សម្រាប់ពាក់កណ្តាលខែវិច្ឆិកានេះ ប្រេងសាំង បានបន្តធ្លាក់ចុះ៥០រៀល និងប្រេងម៉ាស៊ូត បានហក់ឡើងថ្លៃចំនួន ៥០រៀលក្នុងមួយលីត្រ។

ក្រសួង បានបញ្ជាក់ថា បើផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ៣.០៧៩រៀល/១លីត្រ សម្រាប់សាំងធម្មតា EAB2 និង ២.៧៦៨រៀល /លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/លីត្រ៕

You can share this !

Loading...
អត្ថបទទាក់ទង