កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងចំនួន ៣ ដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋខ្មែរ

អត្ថបទ៖  គង់ វណ្ណៈ

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា កាលពីម្សិលមិញនេះ លោក Michael Tan Keng Siong អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខនេះ បានលើកឡើងអំពីលទ្ធភាពដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែងដល់កម្មករ ពលករកម្ពុជានាពេលខាងមុខ ពេលដែលកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជា ក្នុងការអនុវត្តគម្រោងទាំង ៣នៃការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានបញ្ចប់ រួមមាន៖ គម្រោងគ្រប់គ្រងឡូជីស្ទីកភ្នំពេញ (Phnom Penh Logistics Complex Project) គម្រោងគ្រប់គ្រងសំរាម (Waste Management Project) និងគម្រោងបំប្លែងសំរាមទៅជាថាមពល (Waste to Energy Project)។ 

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងដែរថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតរបស់លោក Michael Tan Keng Siong នៅកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី លើការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ 

លោកថា ជាក់ស្តែង កម្មវិធីផ្លាស់ប្តូរពិសោធន៍ការងារ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលបានរៀបចំឡើងនៅកម្ពុជា និងនៅសិង្ហបុរី និងវគ្គហ្វឹកហ្វឺនដទៃទៀត ដែលជាកម្មវិធីសហការរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) និងសាលាមុខងារសាធារណៈសិង្ហបុរី (Singapore Civil Service College) មានមន្ត្រីរាជការកម្ពុជាជាច្រើនរយនាក់បានចូលរួម។ 

សូមបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញារួមគ្នាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់ចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី៕

You can share this !

Loading...
អត្ថបទទាក់ទង