អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម កំពុង​រក​មធ្យោបាយ​ចាប់យក​ឱកាស​បង្កើន​ការផលិត ពង្រឹង​គុណភាព និង​ជំរុញ​ការនាំចេញ ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូវីដ១៩

អត្ថបទ៖ គង់ វណ្ណៈ

ភ្នំពេញ៖ អ្នកជំនាញមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសហគមន៍កសិកម្ម កំពុងស្វែងរកមធ្យោបាយដោះស្រាយបញ្ហាចំពោះមុខរួមគ្នាក្នុងការលៈទេសៈនៃជំងឺកូវីដ១៩ និងគ្រោះធម្មជាតិទឹកជំនន់ ដើម្បីបង្កើនការផលិតក្នុងស្រុក ពង្រឹងគុណភាពផលិតផល និងកែច្នៃនាំចេញ ក្រោយពីវិបត្តិនេះរសាត់ផុតទៅ។

លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក្នុងវេទិកា កសិករថ្នាក់ជាតិលើកទី៩ នាព្រឹកថ្ងៃទី ២១ខែ តុលា ឆ្នាំ ២០២០ នៅសណ្ឋាគារកាំបូតឌីយ៉ាណា បានថ្លែងថា ក្នុងកាល:ទេស:ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ និងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង គេសង្កេតឃើញថា វិស័យឯកជន ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល និងក្រសួងពាក់ព័ន្ធបានសហការគ្នាល្អក្នុងការខិតខំប្រឹង ប្រែងជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ អ្នកផលិត និងសហគមន៍កសិកម្មឲ្យបង្កើនការយកចិត្តទុក ប្រែក្លាយវិបត្តិទៅជាឱកាស។

លោកបានបញ្ជាក់ថា វាក៏ជាឱកាសដ៏មានតម្លៃសម្រាប់បង្កើនផលិតភាពផលិតកម្មកសិកម្ម ដូចជា ការដាំបន្លែ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងដាំដំណាំ រួមទាំងការកែច្នៃ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ ធានាបានទាំង បរិមាណ និងគុណភាព ទាំងជាលក្ខណ:គ្រួសារ និងពាណិជ្ជកម្ម ធានាសន្តិសុខស្បៀងទាំងក្នុងពេល បច្ចុប្បន្ន ក៏ដូចជាពេលអនាគត បង្កើតការងារ និងបង្កើនប្រាក់ចំណូល។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា លោក និងសហការគ្នាជាដៃគូបញ្ជាទិញម៉ាស៊ីនសម្ងួតកៃច្នៃ បន្លែ ផ្លែឈើ ក្នុងឆ្នាំក្រោយ ដោយមិនបង្អង់យូរទេ ព្រោះបើយើងមានម៉ាស៊ីនប្រភេទនេះយើងអាចរក្សាទុកឬកែច្នៃផលិតផលក្នុងស្រុករបស់យើងអាចប្រកួតប្រជែងជាមួយនឹងផលិតផលរបស់គេបាន។

ទន្ទឹមនឹងនោះ លោកឧកញ៉ាបានលើកទឹកចិត្តឲ្យប្រជាកសិករដាំដុះដំណាំកសិកម្មដោយកុំប្រើសារធាតុគីមី ព្រោះទីផ្សារក្រៅស្រុកគេមិនទិញទេ ទោះបីនាំទៅដល់ប្រទេសបញ្ជាទិញក្តីក៏គេ រុញត្រឡប់មកវិញដែរ ជាពិសេសទំនិញដែលមានសារធាតុគីមីនេះ ធ្វើឲ្យប្រទេសយើងខូចកេរ្តិ៍ឈ្មោះ ហើយកសិករខ្លួនឯងក៏ខាតប្រយោជន៍ដែរ។ លោកឧកញ៉ា ថាមិនចង់ឃើញទីផ្សារផលិតផលក្នុងស្រុកធ្លាក់ចុះ ដូចទីផ្សារម្រេចឡើយ ។

ជាមួយគ្នានេះ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ និងធនធានទឹកនៃរដ្ឋសភា បានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបើកទូលាយ ហើយរបាំងពន្ធគយលែងជាឧបសគ្គ និងបញ្ហាប្រឈមហើយ ប៉ុន្តែនៅមាន លក្ខខណ្ឌជាច្រើនទៀតក្នុងឧបសម្ព័ន្ធ ក្នុងនិតិវិធីពន្ធគយ ការសម្រួលពាណិជ្ជកម្ម និងនិតិវិធីភូតគាមអនាម័យ។

លោកបន្តថា ជាមួយនឹងលក្ខខណ្ឌខាងលើក៏ត្រូវមានស្តង់ដារផលិតផលទៀត ដូច្នេះទាមទារឲ្យប្រជាកសិករត្រូវគោរពតាមតម្រូវការទីផ្សាររបស់គេ ព្រោះជាទីផ្សារសេរីមានការប្រគួតប្រជែងគ្នាខ្លាំង។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះមានគោលបំណងបីសំខាន់ៗ ទី១ លើកកម្ពស់គុណភាព និងសុវត្ថិភាព កសិផលរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតមតាមតម្រូវការទីផ្សារ។ ទី២ ជំរុញគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការកសិករខ្នាតតូវ ឆ្លើយតបផលប៉ះពាល់ នៃកូវីត១៩។ ទី៣ ពង្រឹងកិច្ចសហការ និងភាពជាដៃគូ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគកសិកម្ម និងកសិធុរកិច្ច ក្នុងស្ថានភាព និងក្រោយការរីករាលដាលកូវីដ១៩ ៕

You can share this !

Loading...
អត្ថបទទាក់ទង