នាយករដ្ឋមន្ត្រីជប៉ុនថ្មីស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម និងឥណ្ឌូណេស៊ី ស្របពេលដែលសម្លឹងឃេីញប្រទេសចិន

ជប៉ុន៖ មេដឹកនាំថ្មីរបស់ប្រទេសជប៉ុនមានគោលបំណងពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខនៅពេលដែលគាត់ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម  និងឥណ្ឌូណេស៊ីនៅសប្តាហ៍ក្រោយចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលដែលកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង  ប៉ុន្តែគាត់ទំនងជានឹងបញ្ចៀសនូវវោហារសាស្ត្រប្រឆាំងចិនដែលប្រើដោយសមភាគីអាមេរិក។

នាយករដ្ឋមន្រ្តីជប៉ុន  លោក  យូស៊ីហ៊ីដេ  ស៊ូហ្គា  (Yoshihide Suga) ដែលមិនសូវមានបទពិសោធន៍ផ្នែកការទូតនោះ  នឹងដើរតាមគន្លងរបស់  លោក  ស៊ីនហ្សូ  អាបេ  (Shinzo Abe) ដោយរេីសយកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះជាទិសដៅសម្រាប់ដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់គាត់ចាប់តាំងពីបានចូលកាន់តំណែងកាលពីខែកញ្ញាមក។ 

មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះថា  លោក ស៊ូហ្គា នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដែលជាប្រធានអាស៊ាន  និងប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ានក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃចាប់ពីថ្ងៃអាទិត្យខាងមុខនេះ។ 

មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា  «ជាមួយប្រទេសវៀតណាម និងឥណ្ឌូណេស៊ី  យើងមានផែនការផ្លាស់ប្តូរយោបល់គ្នាអំពីរបៀបដោះស្រាយរបៀបវារៈដែលនឹងកើតមានក្នុងកម្រិតតំបន់ និងសកលដូចជាកិច្ចសហប្រតិបត្តិការដើម្បីសម្រេចឲ្យបាននូវតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកដែលសេរី  និងបេីកចំហ,  បញ្ហាសមុទ្រចិនខាងត្បូង  និងស្ថានការណ៍កូរ៉េខាងជើង»។ 

ប្រទេសជប៉ុនត្រូវតែថ្លឹងថ្លែងរវាងទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅរបស់ខ្លួនជាមួយប្រទេសចិននិងកង្វល់ខាងសន្តិសុខរួមទាំងការខំខ្នះខ្នែងរបស់ក្រុងប៉េកាំងក្នុងការទាមទារដែនដីជុំវិញប្រជុំកោះនៅសមុទ្រចិនខាងកើតដែលមានជម្លោះ។

ក្នុងអំឡុងពេល ដែល  លោក  អាបេ  ជានាយករដ្ឋមន្ត្រី  ចំណងទាក់ទងរវាងប្រទេសទាំង២ត្រូវបានគេមេីលឃេីញថាមានភាពប្រសើរឡើង  ប៉ុន្តែសមាជិកសភាគណបក្សកាន់អំណាចមួយចំនួនចង់បានជំហរតឹងរ៉ឹងជាងនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង