ផ្លូវថ្នល់ ១០១ខ្សែ មាន​ប្រវែង​សរុបជាង ៣២៤គីឡូម៉ែត្រ រង​ការជន់លិច, រដ្ឋមន្ត្រី​សាធារណការ ចុះពិនិត្យ​ស្ថានភាព​ដោយ​ផ្ទាល់

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែតុលានេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ២២ ផ្លូវលេខ៤១ និងផ្លូវជាតិលេខ៤។

សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ១៨នាក់ បានបាត់បង់អាយុជីវិត បង្កមហន្តរាយដល់ទ្រព្យសម្បត្តិ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព។ បញ្ហានេះ បានបង្កជាក្តីបារម្ភថា គ្រោះធម្មជាតិនេះ នាំឲ្យមានការខូចខាតសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ ដែលមានស្រាប់ទៅហើយនោះ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០របស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះបង្កឡើងដោយព្យុះឈ្មោះ ណាងកា និងព្យុះមួយទៀតឈ្មោះថា សូដែល បង្កើតជាប្រព័ន្ធសម្ពាធទាប បន្តលាតសន្ធឹងមកលើកម្ពុជា បានបណ្តាលឲ្យផ្លូវថ្នល់ចំនួន១០១ខ្សែ មានចំនួន២៤៩កំណាត់ និងមានប្រវែងសរុបចំនួន ៣២៤,២៩ គីឡូម៉ែត្រ ត្រូវបានទទួលរងនូវការលិចលង់ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរបេសកកម្មចុះពិនិត្យផ្លូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសាងសង់ ដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ យកដុំថ្មនិងបាវខ្សាច់មកទប់ទឹកដែលកំពុងហូរច្រោះកាត់កំណាត់ផ្លូវជាតិលេខ៣ នៅកំពង់ទួល ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ឋិតនៅខាងក្រោមផ្លូវ។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការកុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង