រដ្ឋខូឡូរ៉ាដូ (Colorado) របស់​អាមេរិក​កើត​មាន​ភ្លើង​ឆេះព្រៃ​ដ៏​ធំបំផុត​មិនធ្លាប់​មាន

ប្រែសម្រួល៖ នីតា

ស.រ.អ៖ ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដែលបានកើតឡើងជាង២ខែមកនេះនៅក្នុងភាគខាងជើងរដ្ឋខូឡូរ៉ាដូ (Colorado) បានរាលដាលដល់ទំហំជាង៦៧,០០០ហិចតាក្នុងសប្តាហ៍នេះដោយសារខ្យល់បក់ខ្លាំងធ្វើឲ្យក្លាយជាភ្លើងឆេះព្រៃធំបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ។

យោងតាមរបាយការណ៍របស់គេហទំព័រតាមដានអគ្គិភ័យក្នុងតំបន់, ភ្លើងឆេះព្រៃនោះបានបង្ខំឲ្យមានការជម្លៀសមនុស្សនៅតំបន់ភ្នំជាច្រើនកន្លែង ហើយបានបំផ្លាញផ្ទះនិងអគារផ្សេងទៀតជាច្រើន។

យោងតាមរូបភាពដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន ភ្លើងឆេះព្រៃត្រូវបានគេមើលឃើញកំពុងឆាបឆេះនៅឧទ្យានអេសតេស (Estes) ប្រហែល១០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងដេនវឺ (Denver) សហរដ្ឋអាមេរិក។

មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងឆេះព្រៃនោះបានកើតឡើងកាលពីពាក់កណ្តាលខែសីហា ហើយបានរាលដាលដល់ដើមឈើងាប់ៗនិងវាលស្មៅស្ងួតនៅតំបន់ជួរភ្នំ។ មកទល់ពេលនេះគេអាចគ្រប់គ្រងបាន៥៦%ហើយ។

ប៉ុន្តែមិនមានការរាយការណ៍ពីអ្នករងរបួសឬបាត់បង់ជីវិតទេ ហើយមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

You can share this !

Loading...
អត្ថបទទាក់ទង