ទេសាភិបាល​ធនាគារ បាន​ជួបប្រជុំ​គ្នា ពិនិត្យ​មើល​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក បញ្ហា​ប្រឈម និង​គោលនយោបាយ​ឆ្លើយតប

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ស្តីពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ក្នុងឱកាសនៃមហាសន្និបាតប្រចាំឆ្នាំ២០២០ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក (IMF-WB) តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈម និងគោលនយោបាយឆ្លើយតបដើម្បីស្តារសេដ្ឋកិច្ចក្នុងភាពមិនច្បាស់លាស់នៅឡើយ។

ជារួម កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករឡើងវិញថា នឹងធា្លក់ចុះក្នុងកម្រិត -២,២% ហើយយោងតាមការការព្យាករថ្មីរបស់ IMF សេដ្ឋកិច្ចពិភពលោក មានភាពល្អជាងមុនបន្តិច ដោយអាចមានកំណើន -៤,៤% ធៀបនឹងការព្យាករគ្រាមុន -៤,៩%។

នាឱកាសនោះ ប្រទេសសមាជិកក្នុងតំបន់ ក៏បានស្នើសុំឱ្យ IMF បន្តជួយគាំទ្រតាមរយៈការតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់អនុសាសន៍ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ, ផ្តល់ហិរញ្ញប្បទានគាំទ្រសម្រាប់បង្ការ និងដោះស្រាយវិបត្តិក្នុងស្ថានភាពដែលជញ្ជីងទូទាត់ទទួលរងនូវផលប៉ះពាល់ខ្លាំង ព្រមទាំងបន្តផ្តល់ជំនួយបច្ចេកទេស និងអភិវឌ្ឍន៍ធនធានមនុស្ស៕

You can share this !

Loading...
អត្ថបទទាក់ទង