សម្រេចវាយកម្ទេចចោលវិញ សំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចឱ្យវាយកម្ទេចចោលវិញនូវសំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សំណង់នោះមានការសង្ស័យថា បានសាងសង់គ្មានច្បាប់ ខុសលក្ខណៈបច្ចេកទេស និងសង់លើផ្លូវសួនច្បារសាធារណៈ។

សំណង់នេះ បានសាងសង់រួចរាល់ប្រមាណ ៥០ភាគរយហើយ និងចំណាយថវិកាប្រមាណជិត ១លានដុល្លារ និង ត្រូវបានចាប់ផ្តើមវាយកម្ទេចោល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

យោងតាមប្រភពព័ត៌មានទុកចិត្តបានពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា សំណង់អគារមួយនេះ គ្មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវទេ សាងសង់ខុសលក្ខណៈបច្ចេកទេស និងសង់លើផ្លូវសួនច្បារសាធារណៈ ថែមទៀតផង ។ ម្យ៉ាងវិញទៀត សំណង់អគារមួយនេះមិនមានប្រើថវិការដ្ឋទេ ដោយអ្នកផ្តើមគំនិតសាងសង់បានលុយពីសប្បុរសជនចូលរួម ហើយបទបញ្ជាថ្នាក់លើតម្រូវឱ្យវាយកម្ទេចចោលគឺ បានស្របតាមសំណូមពរប្រជាពលរដ្ឋ ផងដែរ។

យោងតាមលិខិតមួយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបមកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងសាងសង់សំណាកប្រាសាទកំពូលបី (ប្រាសាទឋានសួគ៌) ស្ថិតនៅរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ដោយសារសំណង់អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានរូបប្រាសាទកំពូលបី និងមានរចនាបថជាខ្មែររួចហើយ ហេតុនេះ មិនចាំបាច់សាងសង់ទៀតឡើយ។

ម្យ៉ាងទៀត ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពនៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកកម្ពុជា និងថៃ។ ដូចនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការសាងសង់ និងធ្វើការរុះរើសំណង់នេះចេញ ដោយត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីបង្ការហានិភ័យជាយថាហេតុ។ ទីតាំងរង្វង់មូលក្រុងប៉ោយប៉ែតនេះ គួរត្រួតពិនិត្យរៀបចំជាសួនច្បារដើម្បីលើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែតឱ្យកាន់តែប្រសើរបន្ថែមទៀត៕

You can share this !

Loading...
អត្ថបទទាក់ទង