ដាច់ទំពក់ខ្សែកាប ផ្លោងត្រូវព្រូរថយន្តម្នាក់ស្លា ប់ភ្លាមៗ

ភ្នំពេញ៖ រថយន្តស្ទូចជាប់ផុងក្នុងការដ្ឋានកំពុងសាងសង់មួយ បានហៅរថយន្តស្ទូចមួយគ្រឿងទៀតមកអូសសណ្ដោងចេញមិនប្រយ័ត្នដាច់ទំពក់ខ្សែកាបផ្លោងត្រូវព្រូរថយន្ដម្នាក់កំពុងឈរសំរួលចរាចរណ៍លើផ្លូវ ត្រូវត្រង់ក្បាលបែករងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិត។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ៣: ៤០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចការដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវ២០១១ ភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទល់មុខផ្សារឈូកមាស។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចពណ៌សមានដងសន្ទូចពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3F-4050 ចូលក្នុងការដ្ឋានសាងសង់មួយកន្លែងដើម្បីស្ទូចលើកដែកដែលផ្សាររួចឡើងលើដំបូលឱ្យជាងផ្សារភ្ជាប់ ក្រោយពេលលើកហើយស្រាប់តែរថយន្តថយក្រោយវិញជាប់ផុងទៅក្រោយមិនរួចក៏បានទាក់ទងហៅរថយន្តស្ទូចមួយគ្រឿងទៀតពណ៌លឿងមកក៏បានសណ្ដោងស្ទូចអូសយករថយន្តពណ៌សចេញពីកន្លែងជាប់ផុង។ 

ខណៈពេលដែលដាក់សណ្ដោងអូសរថយន្តពណ៌ស ស្រាប់តែបុរសម្នាក់ដែលជាព្រូឡានបានទៅឈរនៅពីក្រោយរថយន្តពណ៌លឿងលើផ្លូវ២០១១ មុខផ្សារឈូកមាសដើម្បីធ្វើចរាចរណ៍បិទផ្លូវ ខណៈពេលដែលរថយន្តបានអូសចេញមកខាងក្រៅស្រាប់តែដាច់ទំពក់ទាក់ខ្សែរកាបបណ្ដាលឱ្យផ្លោងត្រូវជនរងគ្រោះជាព្រូកំពុងបញ្ជាចរាចរណ៍នៅខាងក្រោយបណ្ដាលឱ្យត្រូវចំក្បាលបែកហូរឈាមរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទាក់ទងទៅរថយន្តសាមុយដឹកយកជនរងគ្រោះចេញពីកន្លែងកើតហេតុឆ្ពោះទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះតែដោយសារជនរងគ្រោះរងរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់មុនទៅដល់មន្ទីពេទ្យ។ ចំណែករថយន្តស្ទូចពណ៌លឿងបន្ទាប់ពីដាច់ខ្សែកាបត្រូវព្រូឡានបែកក្បាលរងរបួសធ្ងន់ធ្ងរហើយក៏បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗតែម្ដងក្រោយមកសមត្ថកិច្ចក៏បានឃាត់បាននៅម្ដុំវត្តឃ្មួញទាំងរថយន្ត និងតៃកុងយកទៅកាន់នគរបាលប៉ុស្តិ៍ឃ្មួញភ្លាមៗរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ 

                                                                                              សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លន់ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានស្ទូច ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) បានខ្វះការប្រុងប្រយ័ត្នធ្វើឱ្យក្បាលទំពក់សណ្តោងឡានស្ទូចត្រូវចំក្បាលបណ្តាលឱ្យស្លាប់  ជនរងគ្រោះ ឈ្មោះ  មុំ រដ្ឋាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានស្ទូច ស្នាក់នៅក្នុងការ៉ាស់ឡានស្ទូច ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តស្វាយរៀង៕

You can share this !

Loading...
អត្ថបទទាក់ទង