ចាប់បានគ្រឿងញៀនជិត៣តោន ដែលមានតម្លៃ១០លានដុល្លារ រួមនឹងជនសង្ស័យ៤នាក់

ភំ្នពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានប្រមូលវត្ថុតាងកសាងសំណុំរឿង រួមនឹងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ជាង ២១០៦គីឡូក្រាម និងសារធាតុគីមីផ្សំ ៦០០គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ ដែលមានតម្លៃ ១០លានដុល្លារ ។

ការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែឆ្នៃគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងមានការសម្របសម្រួលដឹកនាំពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ បានដំណើរការស្រាវជ្រាវ បង្ក្រាប ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ទៅប្រទេសចិន(តៃវ៉ាន់) បង្ក្រាបគោលដៅចំនួន ៧ផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ។ ក្នុងនោះកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)។

សមត្ថកិច្ច បានបញ្ជាក់ថា តាមរយៈការពន្លាតករណីនេះ បានស្រាវជ្រាវរកឃើញ ករណីរក្សាទុក និងប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀន ដែលពាក់ព័ន្ធករណីដែលបានបង្ក្រាបរួចហើយ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០។ 

វត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទកាទីណូន (Methcathinone) ចំនួន ៧៦បាវ ស្មើទម្ងន់ ១៩០០គីឡូក្រាម៖

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩,៩៤ក្រាម។ 

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ២,៣៦ក្រាម ។ 

-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី អឹមឌីម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០ក្រាម ។

-គ្រឿងញៀនកេតាមីន (Ketamine) ទម្ងន់ ៦២០,៩៩ក្រាម 

-គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ទម្ងន់ ១៣២៧៥ ក្រាម 

-សារធាតុគីមីប្រភេទ ភីអឹមខេ (អឹមឌីភីធូភី) មេទីលគ្លីស៊ីដេត PMK(MDP2P) Methyl Glycidate ចំនួន២៤បាវ ស្មើទម្ងន់ ៦០០ គីឡូក្រាម (តារាង៤)

-សារធាតុផ្សំ អេតាណុល ៣៧កាដុង ស្មើទម្ងន់ ៧០៣ គីឡូក្រាម

-សារធាតុផ្សំ ០៤កញ្ចប់ ទម្ងន់១០គីឡូក្រាម (មិនច្បាស់លាស់)

-សារធាតុផ្សំ កាហ្វេអ៊ី ទម្ងន់ ១០០៣,៩៤ក្រាម

-សារធាតុផ្សំ DEXTROSE ទម្ងន់២៤៤,៧៦ក្រាម ។

-ម៉ាកស៊ីនផលិតកែច្នៃ ០១ឈុត ។

សរុបវត្ថុតាងចាប់យករួមមាន គ្រឿងញៀនទម្ងន់ ជាង២១០៦ គ.ក្រ និងសារធាតុគីមីផ្សំ ៦០០ គ.ក្រ ដែលសរុបជាទឹកប្រាក់ មានតម្លៃ១០លានដុល្លារ។ ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ និងសហការជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជាមេខ្លោង៕

You can share this !

Loading...
អត្ថបទទាក់ទង