អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ខេត្តកោះកុង នឹង​ធ្វើការ​ហោះហើរ​សាកល្បង​នៅ មុន​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១

កោះកុង៖ អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ខេត្តកោះកុង នឹងចាប់ផ្តើមធ្វើការហោះហើរសាកល្បង នៅចុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមផែនការដែលរៀបចំឡើងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយនឹងក្រុមហ៊ុន Union Development Group។

ផែនការនេះ ត្រូវបានសម្រេចក្រោយការចុះពិនិត្យមើលដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងអំឡុងពេលចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង កាលពីចុងសប្តាហ៍កន្លងទៅ។

តាមផែនការបង្ហាញថា​ ការរៀបចំធ្វើសុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០ ខណៈការបញ្ចប់សុពលភាពហោះហើរ ( Flight Validation) នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ ២០២១ ហើយគម្រោងសាងសង់អាកាសយានដ្ឋាន នឹងបញ្ចប់មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានេះ អាកាសយានដ្ឋាន នឹងរៀបចំការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខណៈការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងការចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន នឹងធ្វើឡើងនាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុង​ខេត្តកោះកុង ត្រូវ​បាន​គេដឹងថា មាន​ទឹកប្រាក់​វិនិយោគ​​ប្រមាណ​ ៣,៨ ពាន់លាន​ដុល្លារ​អាម៉េរិក ស្ថិត​ក្រោម​​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយឈ្មោះថា Union Development Group និងត្រូវ​បាន​វិនិ​យោគ​​លើ​​ដី​សម្បទានពីរាជរដ្ឋាភិបាល​កម្ពុជា ដែលមានទំហំ​ផ្ទៃដី​សរុប ៤,៥ ម៉ឺន​ហិកតា៕

You can share this !

Loading...
អត្ថបទទាក់ទង