គាំងបេះដូង ឱ្យ​សញ្ញា​មុន​ម៉េចខ្លះ? ត្រូវជួយ​ខ្លួនឯង​ដោយ​វិធីណា?

ភ្នំពេញ៖ ជំងឺស្ទះ​សរសៃ​ឈាម​បេះដូង ឬ​គាំង​បេះដូង ជា​ឃាតក​ដែល​អាច​សម្លាប់​មនុស្ស​លឿន​បំផុត។ ប្រសិន​អ្នក​ជំងឺ​ចុក​ទ្រូង​ខ្លាំង​ភ្លាមៗ មានតែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង។

ចំពោះ​សញ្ញា​ដំបូង នៃអាការៈគាំងបេះដូងវិញ ប្រធាន​ដេប៉ាតឺម៉ង់ ជំងឺបេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា ​យើងចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់។ នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ សូម្បី​តែ​អ្នក​ជំងឺ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរ លើស​ពី ៣០នាទី និង​មាន​អាការៈ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ហត់ បែកញើសខ្លាំង អស់កម្លាំង ឈឺក្បាល ឬ​វិលមុខ ក្អួត ដក​ដង្ហើម​មិនប្រក្រតី។

ចំពោះ​វិធី​សង្គ្រោះ​បឋម​អ្នក​ជំងឺ​គាំង​បេះដូង យើង​ត្រូវ៖

– ឲ្យ​អ្នក​ជំងឺ​សម្រាក អង្គុយ​នៅ​ស្ងៀម

– កុំឱ្យ​អ្នក​ជំងឺ​ធ្វើ​ចលនា

– ឲ្យ​អ្នកជំងឺ​ដក​ដង្ហើម​ឲ្យ​បាន​គ្រប់​គ្រាន់ វែងៗ

– កុំ​ទៅ​រោម​អ្នក​ជំងឺ​ជិត ធ្វើ​ថប់​ខ្យល់ អត់​មាន​អុកស៊ីសែន​ដក​ដង្ហើម

– ទូស័ព្ទ​ហៅ​ឡាន​ពេទ្យ តាម​លេខ ១១៩។

លោក​វេជ្ជបណ្ឌិត​ សុខ ជួរ បន្ថែម​ថា បើ​មាន​អ្នក​មាន​អាការៈ​គាំង​បេះដូង​ហើយ កុំ​​អូស​បន្លាយ​ពេល​វេលា ដោយ​ព្យាយាម ធ្វើ​តាម​វិធី​បុរាណ​ដោយ​ការ​កោស​ជប់​ខ្យល់ ឬ​ទៅ​បន់​ស្រន់​ផ្សេងៗ ព្រោះ​វិធី​នេះ​មិន​អាច​ជួយ​អ្នក​ជំងឺ​បាន​ទេ។ ក្នុង​ករណី​អ្នក​ជំងឺ​គាំង​បេះដូង ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​បេះដូង​លែង​ដើរ លោក​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​សង្គ្រោះ​ដោយ​ការ​ធ្វើ​ចលនា​បេះដូង ដោយ​សង្កត់​បេះដូង និង​សប់ ឬ​ផ្លុះ​ខ្យល់ រង់ចាំ​គ្រូពេទ្យ​ទៅ​ដល់ ឬ​មុន​មក​ដល់​មន្ទីរពេទ្យ។

ដោយ​ហេតុ​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ទេ ដូចនេះ​បើ​ពេល​យើង​នៅ​ម្នាក់​ឯង​មាន​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ហើយ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​នោះ លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ លី ឬទ្ធី​គុណ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ណែនាំ​ពី​វិធី​ជួយ​សង្គ្រោះ​ខ្លួន​ឯង​ខាង​ក្រោម៖

– តាំង​ស្មារតី​ឲ្យ​នឹងន

– កុំ​ស្លន់​ស្លោ ស្រវា​យក​ថ្នាំ​ផ្តេស​ផ្តាស​មក​លេប

– បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ

– សម្រាក ឬ​ដេក

– ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី

– ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត៕

You can share this !

Loading...
អត្ថបទទាក់ទង