គណៈអភិបាលខេត្តកែប គ្រោងដាក់លិខិតទៅកាន់ថ្នាក់លើ ស្នើសុំដកទីតាំងដីដែលមិនព្រមធ្វើការអភិវឌ្ឍ និងមិនអនុវត្តសៀវភៅបន្ទុក

អត្ថបទ៖ ង៉ុង សាន់

កែប៖ ដីរាប់សិបកន្លែងដែលគេដឹងថា សុទ្ធតែមានម្ចាស់ជាមន្រ្តីអ្នកមានអំណាច និងអ្នកមានស្តុកស្តម្ភ បានទុកទំនេរចោលដោយមិនធ្វើការអភិវឌ្ឍ ក៏ដូចជាមិនអនុវត្តតាមសៀវភៅបន្ទុករបស់រដ្ឋបាលខេត្ត។  

អភិបាលខេត្តកែប លោក សោម  ពិសិដ្ឋ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកកំពុងប្រជុំជាមួយគណៈអភិបាលខេត្តកែប ដើម្បីធ្វើលិខិតដាក់ទៅកាន់ថ្នាក់លើ ស្នើសុំដកទីតាំងវិនិយោគទាំងនោះមកវិញ។

លោកថ្លែងបែបនេះ នៅចំពោះមុខមន្រ្តីរាជរដ្ឋាភិបាលមកពីអន្តរក្រសួង ក្នុងសិក្ខាសាលាពិ គ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅសាលប្រជុំធំសាលាខេត្តកែប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេចរណ៍ និងមន្រ្តីមកពីក្រសួងពាក់ព័ន្ធច្រើនទៀត។ 

លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា៖ «ឯកឧត្តមឃើញតាមផ្លូវដីឡូតិ៍ធំៗ ឯកឧត្តមសួរ អត់មានរបស់អ្នកតូច អត់មានអ្នកក្រទេឯកឧត្តម..! ហើយខ្ញុំសួរ... ទុកគ្រាន់តែ...ស្មៅស្អីៗហ្នឹង កុំថា ឡើយរបងមិនធ្វើ សូម្បីតែស្មៅគាត់មិនកាត់ផង ឥឡូវទីក្រុងយ៉ាងម៉េច... យើងទៅធ្វើជួសគាត់ ឬគាត់ធ្វើខ្លួនឯង តើយើងគួរមានច្បាប់ណាមួយ ឬការដាក់ពិន័យណាមួយទៅលើដីដែលមិនប្រើប្រាស់ ឬក៏យ៉ាងម៉េច? គាត់មិនធ្វើពិន័យគាត់លើដីដែលមិនប្រើប្រាស់ ឬមួយគាត់ធ្វើយើងអនុគ្រោះឲ្យគាត់ទៅលើអីមួយ...!»។

លោកបន្តថា៖ «ម្ចាស់ដីសុទ្ធតែជាមន្រ្តីក្នុងជូររាជរដ្ឋាភិបាល សុទ្ធតែជាឧកញ៉ា ហីដ៏សួរថា ឥឡូវលក់អត់ គាត់ថា អត់ដឹងយកលុយមកធ្វើអី! ហ៊ឺ...! អត់ដឹងយកលុយមកធ្វើអី គ្រាន់តែស្មៅមិនកាត់ របងមិនធ្វើ ដល់ពេលចឹងអត់យល់ អត់យល់ពីពួកគាត់!។  លោកថា នេះគឺជារឿងដែលយើងត្រូវរួមគ្នាគិត ឲ្យបញ្ហាប្រឈមរបស់ខេត្តកែបត្រូវបានដោះស្រាយ»។ 

គួរបញ្ជាក់ថា សិក្ខាសាលាដែលមានការចូលរូមពីគណៈកម្មាធិការអន្តរក្រសួង រៀបចំដោយក្រសួងទេចរណ៍ និងរដ្ឋបាលខេត្តកែប ធ្វើឡើងក្នុងគោលបំណងរៀបចំឲ្យមានផែនការមេ អភិវឌ្ឍន៍វិស័យទេចរណ៍ខេត្តកែប ដើម្បីធានាដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប ឲ្យមានភាពខុសប្លែកពីតំបន់ឆ្នេរនៅខេត្តផ្សេងទៀត មានកំពត ព្រះសីហនុ និងកោះកុង ដោយឈរលើគោលការណ៍ បង្កើនភាពប្រកួតប្រជែង បង្កើតអត្តសញ្ញាណ និងលក្ខណៈពិសេសប្រកប ដោយចីរភាព នវានុវត្តន៍ និងការទទូលខុសត្រូវ។ 

អង្គសិក្ខាសាលានេះ បានធ្វើការពិភាក្សា វាយតម្លៃអំពីស្ថានភាព កំណត់បញ្ហាប្រឈម និងដាក់ចេញនូវធាតុចូលមួយចំនួនក្នុងការរៀបចំយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យទេចរណ៍នៃខេត្តនេះ។ ក្នុងនោះអង្គសិក្ខាសាលាបានឯកភាពក្នុងការកំណត់ និងបង្កើតប៉ូលអាទិភាពអភិវឌ្ឍន៍ទេចរណ៍ខេត្តកែប ជា៤ គឺ ប៉ូលទេសចរណ៍ក្រុងកែបចាស់ ប៉ូលទេសចរណ៍តំបន់អង្កោល ប៉ូលទេចរណ៍តំបន់ភ្នំវល្លិ៍ និងប៉ូលទេចរណ៍តំបន់ប្រជុំកោះ៕

You can share this !

Loading...
អត្ថបទទាក់ទង