ប្រការ​គួរធ្វើ​ក្រោយ​ឆ្កែខាំ ដើម្បី​បង្ការ​ជំងឺ​ឆ្កែឆ្កួត

ភ្នំពេញ៖ នៅ​ពេល​មាន​ឆ្កែ​ខាំ​ម្ដងៗ អ្វីដែល​យើង​គ្រប់​គ្នា​បារម្ភ​ជាង​គេ​នោះ គឺ​ខ្លាច​កើត​ជំងឺ​ឆ្កែ​ឆ្កួត។ ជំងឺ​នេះ ​មិន​អាច​លេង​សើច​បាន​ទេ ព្រោះ​វា​ក៏​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​បាន​ដែរ ដូច​នេះ​ គ្នា​យើង​គួរ​យល់​ឲ្យ​ច្បាស់​ពី​វិធីសាស្ត្រ​បង្ការជំងឺ​ឆ្កែ​ឆ្កួត​នេះ​ខ្លះៗ។

ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្ដាល​មក​ពី​ឆ្កែ​ខាំ ជា​ជំងឺ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បណ្ដាល​មក​ពី​វីរុស​ឈ្មោះ Lyssavirus ​(នៅក្នុងក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់ ១០០% នៅ​ពេល​ចេញ​រោគ​សញ្ញា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​មន្ទីរពេទ្យកាល់ម៉ែត។

ប្រសិន​បើ​មាន​គ្នា​យើង​ជួប​បញ្ហា​ឆ្កែ​ខាំ យើង​គួរ​ព្យាបាល​ទៅ​តាម​វិធី​ដែល​បាន​ណែនាំ​ខាង​ក្រោម​ដូច​ជា៖

– ក្រោយ​ពី​ឆ្កែ​ខាំ​ភ្លាម ត្រូវ​លាង​សម្អាតមុខ​របួស​ដោយ​ទឹកស្អាត និង​សាប៊ូ​យ៉ាង​តិច​បំផុត​ឲ្យ​បាន​១៥​នាទី បន្ទាប់​មក​ លាង​សម្អាត​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដូច​ជា អាល់កុល ឬ​អ៊ីយូត។

– មិន​ត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ

– ចាក់​វ៉ាក់សាំង​ការពារ​តេតាណូស

– ព្យាបាល​ដោយ​ថ្នាំ​ផ្សះ(បើចាំបាច់)

– ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែ​ឆ្កួត (យក​ល្អ​ត្រូវ​ធ្វើ​ក្នុង​រយៈ​២៤​ម៉ោង ​ក្រោយ​ពី​ឆ្កែ​ខាំ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត)

– ទៅ​ពិគ្រោះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ក្បែរ​ខ្លួន​បំផុត។

មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា ជា​ទូទៅ ការ​បង្ក​រោគ ​គឺ​ចាប់​ពី​ពេល​ឆ្កែ​ខាំ​រហូត​ដល់​ពេល​ចេញ​រោគ​សញ្ញា មាន​ការ​ប្រែប្រួល​ពី ​៧​ថ្ងៃ រហូត​ដល់​លើស​ពី​១ឆ្នាំ ប៉ុន្តែ​ជា​មធ្យម​ប្រហែល​ពី​ ១៥​-៦០​ថ្ងៃ។ ក្នុង​ករណី​ដែល​មេរោគ​ឆ្កែ​ឆ្កួត​រាល​ដាល​ឲ្យ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ហើយ​នោះ អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​ខ្លះ​ៗ ដូចជា នៅ​មិន​ចេះ​ស្ងៀម មាន​ចលនា​រហូត ចេញ​ទឹក​មាត់ ញើស ឬ​ចេញ​នោម​អត់​ដឹង​ខ្លួន ប្រកាច់ និង​ពិបាក​លេប​ចំណី​អាហារ​ជាដើម។

ស្រប​គ្នា​នេះ​ដែរ បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១៧​ ឲ្យ​ដឹង​ថា នៅ​លើ​ពិភព​លោក ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្ដាល​មក​ពី​ឆ្កែ​ខាំ ស្លាប់​ប្រហែល ៥៩.០០០​នាក់​/​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី និង​អាហ្រ្វិក៕

You can share this !

Loading...
អត្ថបទទាក់ទង