ការសិក្សា​មួយ​​ថា ញ៉ាំបាយ​ច្រើន ​ប្រឈម​កើតជំងឺ​ទឹកនោម​ផ្អែម តើ​ញ៉ាំប៉ុន្មាន​​ទើបល្មម?

កាណាដា៖ ការ​សិក្សា​មួយ​ទើប​ចេញ​ផ្សាយក្នុង​ខែ​កញ្ញានេះ ​​បាន​បង្ហាញ​ថា ​អង្ករ​ស​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម នេះ​មាន​ន័យ​ថា ​អ្នក​ញ៉ាំ​បាយ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ​​គឺ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ​ McMaster របស់​កាណាដា និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ផ្នែក​សុខ​ភាព​ចំនួន​ពីរ​ផ្សេង​ទៀត​ បាន​សិក្សា​ទៅ​លើ​អ្នក​ចូល​រួម​ចំនួន ១៣​ម៉ឺន​នាក់​ ដោយ​អ្នក​ចូល​រួម​មកពី​ប្រ​ទេស​ចិន ឥណ្ឌា និង​ប្រេស៊ីល ក្នុង​រយៈពេល​១០​ឆ្នាំ។

ការសិក្សា​នេះ ​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​បាយ​ (អង្ករស)ច្រើន​ជាង​៤៥០​ក្រាម ​ក្នុង​មួយ​ថ្ងៃ គឺ​ប្រ​ឈម​មុខ​កាន់តែខ្ពស់​​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ចូល​រូម​ចំនួន ​៦ ០០០​នាក់​ ដែល​ពេល​ដំបូង​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែមនោះ បាន​វិវត្តទៅ​ជា​កើតជំងឺ​នេះ ដោយ​សារ​តែ​បរិមាណ​បាយ​ដែល​ពួកគាត់​បាន​ញ៉ាំ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ ​បាន​លើកឡើង​ថា​ ជាតិកាបូអ៊ីដ្រាត​នៅ​ក្នុង​អង្ករ​ស ​គឺមាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់​ ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​របប​អាហារ​កើន​ឡើង​ដែរ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ទៀត​ថា ​អង្ករស មិន​ត្រឹម​តែ​មានទំនាក់ទំនង​នឹង​ហានិភ័យ​ជំងឺ​ទឺក​នោម​ផ្អែម​ទេ តែ​ក៏ធ្វើ​ឲ្យ​យើង​​ប្រ​ឈម​នឹង​បញ្ហា​ metabolic syndrome (បណ្ដុំនៃកត្តា​ប្រ​ឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង) រួម​មាន​ដូច​ជា​ការកើន​ឡើង triglyceride​(ខ្លាញ់អាក្រក់​ក្នុង​សរសៃឈាម) និង​ការ​ធ្លាក់​ចុះ​នៃ​ខ្លាញ់​ល្អ។

បើ​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ យើង​គួរ​ញ៉ាំ​បាយ​ក្នុង​បរិមាណ​សម​ល្មម និង​ជាមួយ​បន្លែ ឬ​សាឡាដ​​ឲ្យ​បាន​ច្រើន​ដែរ ដើម្បី​បំពេញ​ជាតិ​សសៃរ និង​ប្រូតេអ៊ីន​ដែល​រាង​កាយ​ត្រូវ​ការ៕

You can share this !

Loading...
អត្ថបទទាក់ទង