ក្រសួង អំពាវនាវពលរដ្ឋ ជាពិសេសព្រះសង្ឃទូទាំងប្រទេស អនុវត្តវិធានការអនាម័យដើម្បីចៀស​ផុតពីជំងឺឆ្លង ជាពិសេស ជំងឺកូវីដ១៩ និងជំងឺគ្រុនផ្តាសាយធំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ  លោកតាអាចារ្យ  លោកយាយជី  និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា  ចូលរួមអនុវត្តន៌វិធានការអនាម័យ ដើម្បីចៀសផុតពីជំងឺឆ្លងនានា ជាពិសេស ជំងឺកូវីដ១៩ និងជំងឺគ្រុនផ្តាសាយធំ

ការអំពាវនាវនេះ បានធ្វើឡើងក្រោយពេលមានព្រះសង្ឃជាង ១០០អង្គ នៅខេត្តចំនួន៤ មានអាពាធរោគ(ជំងឺ) ផ្តាសសាយធំ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយស្ទើអស់ទៅហើយ។

បើតាមលោកស្រី ឱ វណ្ណឌីន ថា ជាទូទៅ  កត្តាដែលឱ្យមានបញ្ហាសុខភាពបែបនេះ  គឺមានកត្តាជាច្រើនដូចជា  ការប្រែប្រួលអាកាសធាតុ  ការវិវត្តបម្រែបំរួលនៃវីរុស  មេរោគផ្សេងៗ នៅក្នុងបរិស្ថាន ដែលផ្តល់អំណោយផលគួបផ្សំ នឹងការបម្រែបម្រួលអាកាសធាតុ  មានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ  និងពពួកសត្វបក្សី  ដែលអាចចម្លងវីរុសណាមួយមកបុគ្គល  ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន  និងមានកង្វះការអនុវត្តអនាម័យដៃ  និងខ្លួនប្រាណ  ឆ្លងតាមការក្អកកណ្តាស់  ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកដែលឈឺ  ជាដើម

ក្នុងន័យនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់  ព្រមទាំងព្រះសង្ឃ  លោកតាអាចារ្យ  លោកយាយជី  និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា  ចូលរួមអនុវត្តវិធានការ ដូចជា

-  ត្រូវមានអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច  ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល

-  ប្រើម៉ាស់ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម  កន្លែងដែលមានមនុស្សម្នាច្រើន  ហើយពេលក្អកកណ្តាស់  ត្រូវខ្ទប់មាត់និងច្រមុះ  ដោយប្រើកន្សែង  ក្រដាសជូតមាត់  កែងដៃ  ជាដើម

-  ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល  ពីមួយម៉ែត្រកន្លះឡើងទៅ

-  ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ  និងសត្វបក្សី  ដោយផ្ទាល់។  ប្រសិនបើបានប៉ះពាល់  ត្រូវតែលាងដៃជាមួយសាប៊ូ្យឆាប់  មុននឹងចាប់កាន់របស់របរ មុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល

-  ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ  រក្សាអនាម័យចំណីអាហារ  និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា  តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហើយ

-  បើមានបញ្ហាសុខភាព  មិនត្រូវចូលរួមពិធី កម្មវិធីណាមួយនោះឡើយ  ដោយត្រូវស្នាក់ក្នុងកុដិ  ទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឱ្យមានការចម្លងបន្តគ្នា  ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក

-  រាយការណ៍ទៅលេខ  ១១៥  (មិនមានថវិកា  ក៏អាចហៅចូលបានដែរ)  ទៅមន្ទីរសុខាភិបាលខេត្ត  ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល បានឱ្យដឹងថា មានខេត្តចំនួន៤ គឺតាកែវ  ត្បូងឃ្មុំ  បាត់ដំបង  និងបន្ទាយមានជ័យ ដែលមានព្រះសង្ឃអាពាធរោគាកន្លងមក  និងក្នុងពេលថ្មីៗនេះ  មានចំនួនប្រមាណជាង ១២០អង្គ ដែលឆ្លងជំងឺផ្តាសាយធំ។  ព្រះសង្ឃ ដែលអាពាធស្ទើរតែទាំងអស់  បានព្យាបាលជាសះស្បើយ ហើយនៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ  ដែលនៅបន្តការព្យាបាល  តែស្ថានភាពបានធូរស្រាលហើយដែរ

You can share this !

Loading...
អត្ថបទទាក់ទង