លោក ត្រាំ ព្រមានឆ្លេីយតបអ៉ីរ៉ង់វិញ១ពាន់ដងបើអ៉ីរ៉ង់ហ៊ានវាយប្រហារអាមេរិក

អាមេរិក៖

ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានសរសេរព្រមាននៅលេីបណ្ដាញសង្គមធ្វីតធ័រ​ (Twitter) កាលពីថ្ងៃចន្ទថា​ អ៊ីរ៉ង់នឹងទទួលការវាយបកតបតវិញ១ពាន់ដង​ ប្រសិនបេីហ៊ានធ្វេីការវាយប្រហារមកលេីអាមេរិកដេីម្បីសងសឹកឲ្យមេបញ្ជាការយោធាអ៊ីរ៉ង់​ លោក​ កាសេម​ សូឡេម៉ានី​ (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ក្នុងប្រទេសអ៊ីរ៉ាក់។ 

សារព្រមានរបស់​ លោក​ ត្រាំ​  បានធ្វេីឡេីងក្រោយពីសារព័ត៌មានអាមេរិក Politico បានរាយការណ៍ថា​ អ៉ីរ៉ង់កំពុងរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង លោកស្រី ឡាណា ម៉ាក (Lana Marks) ដែលជាមិត្តភ័ក្តិរបស់​ លោក​ ត្រាំ។ 

នៅក្នុងសារលេីធ្វីតធ័រ​ (Twitter) នោះដែរ​ លោក ត្រាំ ជាថ្មីម្តងទៀតបានសរសេរការពារការសម្រេចចិត្តរបស់លោកក្នុងការបញ្ជាឱ្យមានការសម្លាប់នោះដោយលោកបាននិយាយថា​ «ការសម្លាប់នោះគឺដេីម្បីកំទេចផែនការរបស់​ លោក​ សូឡេម៉ានី​ ដែលនឹងធ្វេីការវាយប្រហារនាពេលអនាគត,​ បញ្ចប់ការសម្លាប់ទាហានអាមេរិក​ ព្រមទាំងការស្លាប់​ និងការរងទុក្ខដែលត្រូវបានបង្កឡេីងដោយ​ លោក​ សូឡេម៉ានី​ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក»។ 

ការសម្លាប់ លោក​ សូឡេម៉ានី​ កាលពីថ្ងៃទី៣ ខែមករាតាមរយៈការវាយប្រហារដោយប្រេីប្រាស់ដ្រូននោះបានជំរុញឱ្យអ៊ីរ៉ង់ធ្វេីការសងសឹកវិញជាមួយការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងកងទ័ពអាមេរិកនៅអ៊ីរ៉ាក់នាប៉ុន្មានថ្ងៃក្រោយមក​ និងស្ទើរតែបង្កឱ្យមានសង្គ្រាមផ្ទុះឡេីងរវាងប្រទេសទាំងពីរ៕

You can share this !

Loading...
អត្ថបទទាក់ទង