ចិន បិទ​ទីក្រុង​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​មីយ៉ាន់ម៉ា ដោយសារ​កូវីដ១៩

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

ប៉េកាំង៖ ប្រទេសចិន បានបិទទីក្រុងមួយ ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងធ្វើការតេស្តរកអ្នកឆ្លងកូវីដ១៩ ជាទ្រង់ទ្រាយធំ បន្ទាប់ពីអាជ្ញាធរ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

ករណីឆ្លងថ្មីខាងលើ បានកើតឡើងនៅទីក្រុង រ៉ូយលី (Ruili) ខេត្តយន់ណាន ភាគខាងលិច ដែលមានច្រកទ្វារឆ្លងកាត់ព្រំដែនរវាងចិន និងមីយ៉ាន់ម៉ា។ អាជ្ញាធរក្រុងរ៉ូយលី បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា ប្រជាជននៅទីក្រុង មិនត្រូវចេញពីក្នុងផ្ទះ និងមិនត្រូវចាកចេញពីទីក្រុងឡើយ ចាប់ពីល្ងាចថ្ងៃទី១៤ ខែកញ្ញា។

អាជ្ញាធរក្រុងរ៉ូយលី ដែលមានប្រជាជនប្រមាណ ២១ម៉ឺននាក់ គ្រោងនឹងធ្វើតេស្តរកអ្នកឆ្លងកូវីដ១៩។ អាជីវកម្មទាំងអស់ ត្រូវបានបិទទ្វារ លើកលែងតែផ្សារទំនើប ឱសថស្ថាន និងផ្សារបន្លែប៉ុណ្ណោះ។

របាយការណ៍ពី Worldometers បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរកឃើញអ្នកឆ្លងកូវីដ១៩កើនឡើងដល់ប្រហែល ៣៣០០ករណី ដែលក្នុងមួយថ្ងៃ មានករណីថ្មីជាង ១០០ករណី។ ក្នុងនោះ អ្នកស្លាប់មានចំនួន ៣២នាក់ និងជាសះស្បើយ ៧៩០នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង