ព័ត៌មាន​អំពី​ការជីករក​រ៉ែត្បូង​នៅ​ខេត្តមណ្ឌលគិរី​មិនមែន​ជា​ការពិត

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា មានការជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី ដែលនាំឱ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់ ដែលរងការរិះគន់ពីអ្នកលេងបណ្តាញព័ត៌មានសង្គមហ្វេសបុក។

តាមរយៈលិខិតនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួង បានបដិសេធចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ និងបានប្រាប់ទៅសារធារណជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនោះ ដែលមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណមតិឱ្យមានការយល់ច្រឡំដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនោះក៏បានអំពាវនាវដល់សមត្ថកិច្ចតាមស្វែងរកជនផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ដោយចុះផ្សាយព័ត៌មានមិនពិត យកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានចេញមកច្រានចោលនូវព័ត៌មាននោះផងដែរ និងអះអាងថា នេះជាព័ត៌មានបំផ្លើសការពិត មានលក្ខណបំពុលសង្គម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណនី Facebook ឈ្មោះ Gỗ Đá Đăng Tâm របស់ជនជាតិចិនវៀតណាម ដែលជាអ្នករកស៉ីត្បូង បានបង្ហោះបង្ហាញសកម្មភាពជីកត្បូងថ្ម ហើយបាន ដាក់ទីតាំង (Check in) នៅក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ នាំឱ្យមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋកម្ពុជាជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយឱ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។

បន្ទាប់ពីឃើញមានប្រតិកម្មបែបនេះ បុរសជនជាតិវៀតណាមដែលជាម្ចាស់គណនី Facebook រូបនោះក៏បានចេញមកកែតម្រូវ ហើយក៏បានសុំទោសផងដែរ ចំពោះកំហុសឆ្គងរបស់ខ្លួនសម្រាប់ការ «Check in» ដែលនាំឲ្យមានការភ័ន្ដច្រឡំ និងបានបញ្ជាក់ថា ថ្មត្បូងទាំងអស់នេះ ខ្លួនបាននាំមកពីប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៉ីជាដើម៕

You can share this !

Loading...
អត្ថបទទាក់ទង