វ៉េណេស៊ុយអេឡា​ចោទប្រកាន់​ចារបុរស​អាមេរិក​ម្នាក់​ពី​បទភេរវកម្ម និង​ការជួញដូរ​អាវុធ

វ៉េណេស៊ុយអេឡា៖

អគ្គរដ្ឋអាជ្ញារបស់ប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃច័ន្ទបានសម្រេចចោទប្រកាន់ចារបុរសអាមេរិកម្នាក់ពីបទភេរវកម្ម និងការជួញដូរអាវុធបន្ទាប់ពីជនជាតិអាមេរិករូបនោះត្រូវបានអាជ្ញាធរវ៉េណេស៊ុយអេឡាចាប់ខ្លួនបានកាលពីសប្តាហ៍មុន។

អគ្គរដ្ឋអាជ្ញារបស់វ៉េណេស៊ុយអេឡាបាននិយាយថា ចារបុរសអាមេរិករូបនោះដែលមានឈ្មោះថា ម៉ាធូ ចន ហ៊ីត (Matthew John Heath) បានរៀបចំផែនការវាយប្រហារទៅលេីឧស្សាហកម្មប្រេង និងប្រព័ន្ធអគ្គិសនីរបស់ប្រទេសវ៉េណេស៊ុយអេឡា។

ក្រសួងការបរទេសអាមេរិកមិនទាន់បានចេញមកធ្វេីការអត្ថាធិប្បាយណាមួយទាក់ទិននឹងការប្រកាសនេះរបស់វ៉េណេស៊ុយអេឡានៅឡេីយទេ។

ប៉ុន្តែប្រភពមួយរបស់រដ្ឋាភិបាលអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការស៊ើបអង្កេតលើការអះអាងរបស់អាជ្ញាធរវ៉េណេស៊ុយអេឡា ។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីសប្តាហ៍មុនបានប្រកាសពីការចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានធ្វើចារកម្មនៅក្នុងរោងចក្រចម្រាញ់ប្រេងរបស់វ៉េណេស៊ុយអេឡា និងបានប្រកាសថាបុរសរូបនោះមានអាវុធពិសេសជាប់ខ្លួន និងសាច់ប្រាក់យ៉ាងច្រេីន។

ប្រទេសវ៉េណេស៊ុយអេឡាដែលផុងក្នុងវិបត្តិសេដ្ឋកិច្ចអស់រយៈពេល៦ឆ្នាំមកហេីយនោះ បច្ចុប្បន្ននេះកំពុងជួបប្រទះការខ្វះខាតប្រេងឥន្ធនៈដោយសារតែការធ្លាក់ចុះនៃបរិមាណប្រេងពីរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន ព្រមទាំងការដាក់ទណ្ឌកម្មរបស់អាមេរិក៕

You can share this !

Loading...
អត្ថបទទាក់ទង