កម្ពុជា រងឥទ្ធិពល​កូនព្យុះ១ អាច​មាន​ភ្លៀងធ្លាក់​ច្រើន និង​ជំនន់​ទឹកភ្លៀង​នៅ​តំបន់ខ្លះ ក្នុង​ពេល១សប្ដាហ៍​ខាងមុខ

អត្ថបទ៖ លាភ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើប្រទេសកម្ពុជា ហើយសម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក នឹងវិវឌ្ឍខ្លួនជាកូនព្យុះដែលឆ្លងកាត់ប្រទេសហ្វីលីពីន ហើយនឹងបន្តដំណើរចូលក្នុងប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំប្រទល់ភាគខាងជើង។

ស្ថានភាពបែបនេះ ធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គួរ បន្ទាប់មក ភ្លៀងនឹងបង្កើនការធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន។

ពីថ្ងៃទី១៦ ដល់ ២២ ខែកញ្ញា តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ចំណែក ខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖

-តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ អាចមានជំនន់ទឹកភ្លៀង។
-អ្នកដំណើរ និងអ្នកនេសាទ មេត្តាប្រុងប្រយ័ត្ននូវភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញានេះ៕

You can share this !

Loading...
អត្ថបទទាក់ទង