រដ្ឋមន្ត្រី​កសិកម្ម៖ ក្រសួង កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ និង​ដាក់ឲ្យ​ដំណើរ​ឧបករណ៍​កសិកម្មថ្មីៗ ដើម្បី​ជំរុញ​ល្បឿន​បង្កបង្កើនផល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបញ្ជាក់ថា នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវ និងសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានដាក់ឲ្យដំណើរនូវឧបករណ៍ និងគ្រឿងយន្តកសិកម្មមួយចំនួន បញ្ជ្រាបទៅក្នុងសហគមន៍កសិកម្ម និងកសិករដែលមានកម្រិតជីវភាពមធ្យម ជាបណ្តើរៗ ស្របទៅតាមលក្ខណៈភូមិសាស្រ្ត ទំហំដីធ្លីរបស់កសិករ ធនធាន និងឆ្លើយតបទៅនឹងការថមថយនៃកំលាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននិងនាពេលអនាគត។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការប្រឹងប្រែងនេះ គឺដើម្បីសម្រេចបាននូវមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាល ក៏មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យកសិកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រម និងវិសាលភាពថ្មី។ ជាមួយនេះ គឺដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម នៅឆ្នាំ២០២០នេះ ការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករ បានកើនឡើងរហូតដល់ ៩៩,០៩% នៃផ្ទៃដីដាំដុះស្រូវសរុប ខណៈការប្រមូលផលស្រូវវិញគឺបានកើនឡើងរហូតដល់ជាង ៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប។ ដោយឡែក ការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវ ក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង