ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប ជួប​ប្រជុំគ្នា​ដើម្បី​ពិនិត្យ​រកលទ្ធភាព​ក្នុង​ការ​ស្តារ​វិស័យ​ទេស​ចរណ៍​នៅក្នុងខេត្ត​នេះ​ឡើងវីញ

សៀមរាប៖ សមាគមសណ្ឋាគារកម្ពុជាប្រចាំខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ ស្របពេលដែលវិស័យនេះ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

អង្គប្រជុំនេះ បានលើកយកនូវចំណុចសំខាន់ៗមួយចំនួន ដូចជា ការតាមដានអំពីវិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងស្ថានភាពកូវីដ១៩ ការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នៅខេត្តសៀមរាប ការរៀបចំផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប និងការបង្ហាញអំពីបច្ចុប្បន្នភាពនៃការរៀបចំវិស័យទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា។

លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អង្គរ ក៏ត្រូវបានចូលរួមផ្តល់យោបល់ និងតាមដានស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាបនេះផងដែរ។

បើតាមលោក សុខ សង្វារ បាន​បញ្ជាក់អំពីការត្រៀមខ្លួនរបស់អាជ្ញាធរជាតិអប្សរានាពេលបច្ចុប្បន្ន ដូចជា ការជួសជុលហេដ្ឋារចនាសម្ពន្ធ ការដាំដើមឈើ រៀបចំសួនដើម្បីឱ្យទេសភាពក្នុងរមណីយដ្ឋានអង្គរមានភាពស្រស់បំព្រង និងជាពិសេស គឺការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីបុគ្គលិក ដើម្បីពង្រឹងដល់ការគ្រប់គ្រងវិស័យទេសចរណ៍៕

You can share this !

Loading...
អត្ថបទទាក់ទង